លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក Nguyen Khanh Ngoc អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ : នៅទីស្តីការក្រសួងយុត្តិធម៌, នាថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមុិញនេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Nguyen Khanh Ngoc អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជួបសម្តែងការគួរសម និងដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់គ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដូចដែលមានកំណត់ក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ទាំងពីរ ដែលទើបត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Nguyen Xuan Phuc ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងអំឡុងពេលដែលគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយលោក Nguyen Xuan Phuc ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញប្រសិទ្ធភាពការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់គ្រប់ជ្រុងជ្រោយរវាងគ្នានិងគ្នា ជាពិសេស ការបង្កើតឱ្យមានច្រកទំនាក់ទំនងតែមួយ (Focal Point) រវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ សម្រាប់ធានាឱ្យបាននូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនេះ។ ទន្ទឹមនេះ, លោកអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសវៀតណាម ក៏បានអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជា ទៅបំពេញទស្សនៈកិច្ចនៅក្រសួងយុត្តិធម៌នៃប្រទេសវៀតណាមក្នុងឆ្នាំ២០២២ ខាងមុខនេះ ហើយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសកម្ពុជាក៏បានថ្លែងអំណរគុណចំពោះការអញ្ជើញនេះ និងបានសន្យាថា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រសួងយុត្តិធម៌នៃប្រទេសវៀតណាមតាមការអញ្ជើញនេះ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print