ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាស្ថានជាតិអប់រំ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំណែនាំគណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេស និងប្រធានមណ្ឌលសំណេរ ដើម្បីណែនាំពីបច្ចេកទេសសម្រាប់ដំណើរការសំណេរ តួនាទី ភារកិច្ច គណៈមេប្រយោគទាំងអស់ពិសេសគោលការណ៍ថ្មី ដែលត្រូវអនុវត្តក្នុងការប្រឡងក្នុងបរិបទកូវីដ-១៩។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងមានការចូលរួមពីសំណាក់ គណៈមេប្រយោគទូទាំងប្រទេស ប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេសនិងប្រធានមណ្ឌល សំណេរ។
សូមជម្រាបថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ នេះ មានមណ្ឌលប្រឡងសរុប ២០៤មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់ បេក្ខជនចុះឈ្មោះប្រឡងសរុប ១១៤ ១៨៣ ស្រី៦០ ៣៩៧នាក់ គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡងមានចំនួន ៣១ ៤៣២នាក់។ ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ៧៕
ដោយ : សិលា