រថយន្តព្រូសបុកឡើងខឿនសួនចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងមួយដើមបណ្ដាលឲ្យទ្រេតទើបកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើកបររថយន្តToyota Prius ក្នុងល្បឿនលឿនបានជ្រុលទៅបុកឡើងលើខឿនសួនចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឲ្យទ្រេតនិងធ្លាក់អំពូលភ្លើងបែករាយប៉ាយ ចំណែករថយន្តកល់ជាប់នឹងបង្គោលភ្លើងនោះទៅមុខលែងរួចខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើករថយន្ត Toyota Prius មួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AW-0752 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែជ្រុលចង្កូតទៅបុកឡើងខឿនសួនចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលទ្រេតនិងធ្លាក់អំពូលភ្លើងបែករាយប៉ាយ ចំណែករថយន្តកល់ជាប់ទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសន្តិសុខក្រុមហ៊ុនបុរីអង្គរបានចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុ រួចបានឱ្យខាងភាគីម្ចាស់រថយន្តបង្កធ្វើការចរចានិងសម្របសម្រួលគ្នាជាមួយខាងក្រុមហ៊ុនបុរីអង្គរដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

...

ដោយ៖សុខាសែជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print