ត្រឹមរយៈពេល២យប់២ថ្ងៃបាត់ស្លាកលេខរថយន្តអស់៧គ្រឿង និងរថយន្ត១គ្រឿង ឆក់កាបូបលុយអស់ជិត២០លានរៀល នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ បទល្មើសចោរកម្មកើតមានក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ មួយរយៈក្នុងដើមខែធ្នូ ចុងឆ្នាំ២០២១នេះហាក់ដូចជាកក្រើកឡើង រីឯការបង្ក្រាបវិញហាក់ដូចជាមិនមានតុល្យភាពទៅនឹងសកម្មភាពល្មើស ហើយអ្វីដែលកត់សំគាល់ និងកាន់តែព្រួយបារម្ភ បទល្មើសលួច ត្រឹមតែ២យប់២ថ្ងៃសោះ ជនសង្ស័យធ្វើសកម្មភាពលួចស្លាកលេខរថយន្តអស់៧គ្រឿង លួចរថយន្តអស់មួយគ្រឿង ឆក់កាបូបលុយអស់ជិត២០លានរៀល នៅយប់ថ្ងៃទី២៣ និងយប់និងព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងភូមិព្រៃជីសាក់ និងនៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យធ្វើសកម្មភាពលួចស្លាកលេខរថយន្តអស់ចំនួន៧គ្រឿង ក្នុងទីតាំងតែមួយក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
ក្នុងនោះរថយន្តម៉ាក ឡិចសុីស៤៧០ ចំនួន១គ្រឿង រថយន្តម៉ាកឡិចសុីស៣៣០ ចំនួន១គ្រឿង រថយន្តម៉ាកព្រុស ចំនួន៣គ្រឿង រថយន្តម៉ាកតាកុមា ចំនួន១គ្រឿង រថយន្តម៉ាកកាមរីបាឡែន ចំនួន១គ្រឿង ។ លុះមកដល់រំលងអធ្រាត្រចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងដដែល ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួច ម៉ាកព្រុស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-0335 មានម្ចាស់ជាជនរងគ្រោះឈ្មោះ លាវ សំអុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុ ។ ខណៈដែលជនសង្ស័យលួចស្លាកលេខរថយន្ត លួចរថយន្ត សមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកជនសង្ស័យផង ស្រាប់តែនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ កើតមានករណីឆក់កាបូបលុយមួយករណីទៀត នៅចំណុចផ្លូវជាតិលេខ៤ មុខវិទ្យាល័យជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅ៣ លើស្ត្រីជាអាជីវករម្នាក់ អស់លុយជិត២០លានរៀល គ្រឿងអលង្ការ ទូរស័ព្ទ មួយគ្រឿង ។

បើតាមស្ត្រីរងគ្រោះក្នុងករណីឆក់កាបូប បានឲ្យដឹងថា មុនកើតហេតុ គាត់យកលុយទៅទូទាត់ថ្លៃសាច់ជ្រូក សាច់គោ នៅផ្សារជម្ពូវ័ន ទើបតែជិះដល់មុខសាលារៀន ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាកនិច ពណ៌ស ក្រហម មិនចាំស្លាកលេខ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់យកកាបូបពីក្នុងអាវ បានសម្រេចហើយជិះគេចទៅបាត់ ។

ជនរងគ្រោះក្នុងបទល្មើសខាងលើ ក្រោយកើតហេតុ បានត្រឹមរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print