ខេត្តស្វាយរៀង: លោក នួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានក្រើនរំលឹកដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុង និងបន្តខិតខំប្រឹងប្រែងពង្រឹងការងារជំនាញឱ្យកាន់តែរីកចម្រើននិងបន្តផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
ការក្រើនរំលឹករបស់លោកនួន លីហួន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងនេះបានធ្វើឡើងនៅក្នុង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ នាថ្ងៃទី២៤ខែធ្នូឆ្នាំ២០២១ នៅសាលប្រជុំធំនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង៩ និងលោក លោកស្រី ប្រធាន អនុប្រធានសេវាដ្ឋានទាំង២ សរុបអ្នកចូលរួមចំនួន៣៥នាក់ ។
បន្ទាប់មកទៀត លោក លោកស្រី ប្រធានការិយាល័យនីមួយៗបានរាយការណ៍អំពីវឌ្ឍនភាពការងារដែលសម្រេចបានលើវិស័យសាធារណការ វិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនផ្លូវទឹក និងចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានាលើការអនុវត្តការងារក្នុងឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២២ ។
លោកនួន លីហួន ប្រធានមន្ទីរបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម ក្នុងឆ្នាំ២០២១កន្លងមកនេះ ។
លោកប្រធានមន្ទីរបន្តថា ផ្ដើមចេញពីលទ្ធផលសម្រេចបានខាងលើ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង សូមបន្តសាមគ្គីផ្ទៃក្នុង និងសហការគ្នាដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ផ្លូវ ថ្នល់ ស្ពាន លូ និងស្តារឡើងវិញនូវប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក កំពង់ផែឱ្យក្លាយជាបណ្តាញគមនាគមន៍ដឹកជញ្ជូនដែលងាយស្រួល មានសុវត្ថិភាព និងសមត្ថភាព អាចដឹកជញ្ជូនបានឆាប់រហ័ស ដោយតម្លៃទាប ដែលតភ្ជាប់ពីទីប្រជុំជនទៅជនបទ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងគណនេយ្យភាពគួរជាទីមោទនៈ ។
លោកប្រធានមន្ទីរបានផ្ដាំផ្ញើដល់មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺរក្សាអនាម័យលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតពីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនដើម្បីផ្ដល់ភាពជាគំរូដល់បងប្អូនប្រជាពលរដ្ឋ ផងដែរ៕
ដោយ៖ យឹម សុថាន