ភ្នំពេញ : ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេក ផ្លូវការរបស់ខ្លួនថា, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានកោតសរសើរខ្ពស់អំពីអត្ថប្រយោជន៍សំខាន់របស់ចិនក្នុងការអភិវឌ្ឍន៍វិស័យថាមពលក្នុងប្រទេសកម្ពុជា។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានលើកឡើងថា ការវិនិយោគរបស់ចិនលើគម្រោងដូចជារោងចក្រវារីអគ្គិសនី រោងចក្រផលិតថាមពលដោយធ្យូងថ្មជាដើមបានរួមចំណែករហូតដល់៧៣%នៃការផលិតថាមពលសរុបក្នុងប្រទេសកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ ភូមិឃុំជាង៨៣%ក្នុងប្រទេសកម្ពុជាទទួលបានអគ្គិសនីប្រើប្រាស់ ហើយគ្រួសារជាង៧០%ទទួលបានថាមពលអគ្គិសនីពីការតបណ្តាញអគ្គិសនីជាតិ ហើយតម្លៃអគ្គិសនីក៏ធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។
សូមបញ្ជាក់ថា, ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងកម្ពុជាមានចំនួនលើសពី១ម៉ឺនលានដុល្លារអាមេរិក។ នេះតាមរយៈការលើកឡើងពីស្ថានទូតចិនប្រចាំកម្ពុជា គឺកាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣៕
ដោយ : សិលា