ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១នេះថា៖ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ក្រាបករណីប៉ុនប៉ងមនុស្សឃាត កាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់ និងប៉ុនប៉ងចាប់ជំរិត ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣និង២០នាទី មានជនសង្ស័យ ០២នាក់ជាជនជាតិចិន ភេទប្រុស ១-ឈ្មោះ JIANG FENG ,២-ឈ្មោះ BAO JIE បានទៅជួបអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូវិមានខ្សាច់មាស នៅខាងមុខសណ្ឋាគារ និងកាស៊ីណូវិមានខ្សាច់មាស ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យទាំង០២នាក់សុំចូលធ្វើការនៅសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស ហើយជនសង្ស័យទាំង ០២នាក់នេះបានសុំខ្ចីលុយពីអ្នកគ្រប់គ្រងក្នុងម្នាក់១៨,០០០$ (មួយម៉ឺនប្រាំបីពាន់ដុល្លារអាមេរិក) សរុបទាំង០២នាក់ ចំនួន ៣៦,០០០$ (បីម៉ឺនប្រាំមួយពាន់ដុល្លារអាមេរិក)។ លុះក្រោយពេលដែលអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូវិមានខ្សាច់មាសបានវេរលុយឱ្យជនសង្ស័យទាំង០២នាក់រួចមក ស្រាប់តែជនសង្ស័យទាំងនោះបានព្យាយាមចាប់ខ្លួនអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស។ ដោយជនសង្ស័យឈ្មោះ JIANG FENG យកកាំភ្លើងខ្លី០១ដើម ភ្ជង់ក្បាលពោះជនរងគ្រោះ រីឯជនសង្ស័យឈ្មោះ BAO JIE ចាប់ក្រៀក.ក ហើយក៏ត្រូវបានសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាសឃើញ ក៏បានចូលទៅប្រតាយប្រតប់ជាមួយជនសង្ស័យទាំង០២នាក់។ ដោយឃើញសភាពការណ៍មិនសូវស្រួលជនសង្ស័យឈ្មោះ JIANG FENG បានទាញកាំភ្លើងខ្លីរបស់វាបាញ់សំដៅទៅសន្តិសុខ និងបុគ្គលិករបស់សណ្ឋាគារ កាស៊ីណូ វិមានខ្សាច់មាស០១គ្រាប់បណ្តាលឱ្យត្រូវសន្តិសុខជនជាតិចិនម្នាក់រងរបួសត្រង់ក្បាលពោះបៀមគ្រាប់ជាប់ខាងក្នុង។ បន្ទាប់មកជនសង្ស័យទាំង០២នាក់ក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអន្តរាគមន៍ពិសេសចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់វេលាម៉ោង១៤និង៣០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ០១នាក់ ឈ្មោះ BAO JIE រីឯជនសង្ស័យ០១នាក់ទៀតឈ្មោះ JIANG FENG ជាជនដៃដល់បានរត់គេចខ្លួន ព្រមទាំងយកកាំភ្លើងខ្លីទៅជាមួយផងដែរ។ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ខ្លួនជនសង្ស័យឈ្មោះ JIANG FENG រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ វេលម៉ោង ១៦ និង ៣០នាទី ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ JIANG FENG ដែលកំពុងសំងំលាក់ខ្លួននៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ចំនួន០១ដើម ដែលជនសង្ស័យយកទៅលាក់ទុកនៅបន្ទប់ជួលមួយកន្លែងម្តុំ អិលវីចាស់ ។
ជនរងគ្រោះដែលត្រូវបានជនសង្ស័យ ប៉ុនប៉ងចាប់ជំរិត មានឈ្មោះ WANG BING JIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ជនរងគ្រោះ ដែលជាសន្តិសុខ រងរបួសដោយត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ មានឈ្មោះ ZHANG SHUANG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខសណ្ឋាគារ និងកាស៊ីណូ វិមានខ្សាច់មាស មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានរងរបួសត្រូវគ្រាប់កាំភ្លើង ០១គ្រាប់ ត្រង់ក្បាលពោះបៀមគ្រាប់ជាប់ខាងក្នុង កំពុងសង្គ្រោះនៅមន្ទីរពេទ្យចិន ស៊ីកាងអុីយៀន ។
ចំណែកជនសង្ស័យទាំង០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ JIANG FENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ BAO JIE ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខៈ EH0751542 មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន៖
-កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI M906-TD ពណ៌ទឹកប្រាក់-ខ្មៅ មានលេខសម្គាល់ៈ 000168
-បង់កាំភ្លើង ០១ មាន ០៥គ្រាប់
-បំពង់ខ្ទប់សំឡេង (ស៊ីឡង់) ០១ ពណ៌ខ្មៅ
-ខ្នោះដៃ ០២គូ
-ពិលឆក់ ០១គ្រឿង
-ស្កុត ០១ដុំ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕
ដោយ៖ស តារា