តុលាការសម្រេចឃុំខ្លួនលោក William Guang និងបក្ខពួកជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ : លោក William Guang ប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក៣នាក់ទៀតនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរ រួចចោទប្រកាន់ជាផ្លូវការបញ្ជូនទៅឱ្យចៅក្រមបន្តធ្វើការស៊ើបសួរ រហូតសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំការកាត់ទោសតាមច្បាប់ជាធរមាន។

   សំណុំរឿងខាងលើនេះត្រូវបានស្ថិតនៅ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញបើកការ ស៊ើបសួរ ដោយរួមជាមួយសំណុំរឿងរបស់នគរបាលខណ្ឌពោធិ៍សែនជ័យដែលឃាត់បានបក្ខពួកចោរប្លន់២នាក់ផងដែរ។

   សូមរំលឹកថា នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អង្គភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញនូវវីដេអូស្តីពីសកម្មភាពរបស់ក្រុមលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដឹកនាំប្លន់ផ្ទះអ្នកលក់ឡេតាមអនឡាញ អ៊ាន សៀវម៉ី ដោយបន្លំធ្វើជាមន្ត្រីនគរបាលយុត្តិធម៌ចុះអនុវត្តដីកា និងសកម្មភាពរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ដែលមានលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ជាមេខ្លោង និងការសារភាពរបស់លោកWilliam Guangដែលបានឆ្លើយថា : ( ខ្ញុំជាអ្នកដឹកនាំប្លន់ដោយផ្ទាល់! )។

  សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរមួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ចកាន់ដីកាបង្គាប់ឱ្យនាំខ្លួន រួច បន្លំចូលចាប់ខ្លួនអ្នកលក់ឡេអនឡាញល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយពួកចោរបានចាកចេញប្រមាណជា៧នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទទៅកាន់លេខ ១២៩១ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសុំកិច្ចអន្តរាគមន៍។

   កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឱ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាក់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ចដែលពួកចោរស្លៀកពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំដែរ។ បន្ទាប់មកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថា ករណីនេះមានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ទើបកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។

   ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ដោយចាត់ឱ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសំដៅទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហានដំបូងឃាត់ខ្លួនមនុស្សចំនួន០២នាក់ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្សចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស០៩នាក់ ស្រី០៣នាក់) ដោយក្នុងនោះក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។

   ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថា ប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះរូបគេរួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាសភ្ជង់ប្លន់ម្ចាស់ផ្ទះតែម្តង។ វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ០១គ្រឿង និងស្ពាយសាក់កាដូ០១ តែដោយសាររូបខ្លួន មីញ៉ូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួនយកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។

   បច្ចុប្បន្នជនត្រូវចោទ លោក William Guang និង បក្ខពួក ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្នរង់ចាំការកាត់ទោសតាមច្បាប់ជាធរមាន៕ ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print