ខេត្តបាត់ដំបង÷មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមាននៅមម៉ោងប្រមាណ៨ យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចស្ពាន តាង៉ោល ឋិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ឆេះរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង។
តាមមន្រី្តនគរបាលចរាចរណ៍ស្រុកមោងឫស្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ដឹកទំនិញ គ្រឿងឧបភោគ បរិភោគពេញ ក៏បានពើបប្រទះជាមូយម៉ូតូមួយគ្រឿង ដែលបើកបរ ក្នុងទិសដៅពីកើត ទៅខាងលិច បណ្តាលឲ្យម៉ូតូដួល ចូលក្រោមរថយន្ត។ ខណ:នោះរថយន្តបានកិនជនរងគ្រោះម្នាក់ ហើយខ្ទាតចេញ បណ្តាលឲ្យស្លាប់ភ្លាមៗ។ ចំណែកម៉ូតូវិញ បានគាបជាប់ក្រោមរថយន្ត អូសចម្ងាយជិត ១០០ ម៉ែត្រ និងបានបែកផ្កាភ្លើង បង្កជាអណ្តាតភ្លើង ឆាបឆេះរថយន្ត និងម៉ូតូយ៉ាងសន្ធោសន្ធៅមួយរំពេច។
មន្រ្តីនគរបាលដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ ជាមម្ចាស់ម៉ូតូជិះម៉ូតូម៉ាកហុងដា ឌ្រីមមត្រូវបានគេស្គាល់ ឈ្មោះ ម៉ាក់ ម៉ៅ អាយុ ៤០ ឆ្នាំ មានទីលំនៅ ក្នុងភូមិសំរោង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ។
ចំណែកភាគី អ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ដោយភ្លាមៗនោះ បានគេចខ្លួនបាត់ បន្សល់ទុកនូវរថយន្ត ដែលឆេះប្រភេទរថយន្ត ផ្ទុកទំនិញធុនធំ ពាក់ស្លាកលេខ កំពង់ចាម ៣A- ៧៩២៧នៅកន្លែងកើតហេតុ។
សមត្ថកិច្ចជំនាញអះអាងថាផ្អែកលើការវាស់វែងតាមបចេ្ចកទេសឃើញថា ក្នុងគ្រោះថ្នាក់ខាងលើដោយសារភាគីម៉ូតូ បានជិះឆ្លងចូលចំណែកផ្លូវ របស់រថយន្តបន្តិច ទើបបណ្តាលឲ្យរថយន្ត បានបុក ពេញទំហឹង ហើយគាបអូសម៉ូតូ ជាច្រើនម៉ែត្រ ក្លាយជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ច ជំជំនាញទៅដល់ធ្វើការវាស់វែងនិងកំពុងស្រាវជ្រាវរកអត្តសញ្ញាណរថយន្ត ដើម្បីឲ្យម្ចាស់ ចេញមក ទទួលខុសត្រូវ ចំពោះមុខច្បាប់។ចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ប្រាថ្នា