ខេត្តបាត់ដំបង : នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង បាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកស្រី ផ្ដល់ជូនប្រជាពលរដ្ឋចាស់ជរា និងមានការខ្វះខាតក្នុងជីវភាពចំនួន១៨០គ្រួសារ អញ្ជើញមកពីឃុំចំនួន៧ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។
ក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ដែលបាននាំយកអំណោយសម្ដេចក្រឡាហោម និងលោកស្រី ផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមមានលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមានការចូលរួមលោក អ៊ុក គង់ សមាជិកព្រិទ្ធសភា លោក ជា វណ្ណៈ ប្រធានសាលាដំបូងខេត្ត លោក ឧត្តមសេនីយឯក ឯក សំអូន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំឡូត។
អំណោយសម្ដេចក្រឡាហោម ស ខេង និងលោកស្រី ញ៉ែម សាខន សខេង ដែលក្រុមការងារបានផ្ដល់ជូនប្រជាពលរដ្ឋនាឱកាសនោះ រួមមាន ក្នុងមួយគ្រួសារទទួលបានអាវរងារ អង្ករ មី ត្រីខ ទឹកស៊ី អ៊ីវទឹកត្រី ទឹកសុទ្ធ ម៉ាស់ និងអាល់កុល។ ជាមួយគ្នានោះដែរ ក្រុមការងារក៏បានផ្ដល់ជូនរដ្ឋបាលស្រុកសំឡូត រដ្ឋបាលឃុំ ប៉ុស្តិ៍រដ្ឋបាល និងក្រុមយុវជន ក៏ទទួលបានម៉ាស់ និងអាល់កុលផងដែរ។
អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោក ខាន់ ម៉ាណេរ បានជម្រាបនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចក្រឡាហោម និងលោកស្រី ព្រមទាំងសេចក្ដីថ្លែងអំណរគុណជូនប្រជាពលរដ្ឋដែលបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍជាតិជាបន្តទៀត។
ទន្ទឹមគ្នានេះ លោករដ្ឋលេខាធិការ និងជាប្រធានក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ក៏បន្តអំពាវនាវប្រជាពលរដ្ឋ សូមអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺកូវីដ-១៩ និងបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋគោរពតាមការណែនាំរបស់សម្តេចតេជោ ក្នុងការចូលរួមថែរក្សាព្រៃឈើ និងបរិស្ថាន៕