ភ្នំពេញ : នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ លើការរៀបចំយុទ្ធសាស្រ្តការពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជា (២០២២-២០៣៥) ក្រោមអធិបតីភាពរបស់ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានក្រុមការងារដើម្បីសិក្សា និងរៀបចំយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ដោយមានការចូលរួមពី លោក-លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះធ្វើឡើងក្នុងគោលបំណងដើម្បីៈ
ទី១-បង្ហាញពីសេចក្តីព្រាងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ធនធានមនុស្សដែលផ្តោតទៅលើកត្តាជំនាញវិជ្ជាជីវៈ, ក្រមសីលធម៌ ក្រមវិជ្ជាជីវៈ និងផ្សារភ្ជាប់ភាពជាខ្មែរសំដៅពង្រឹងគុណភាពសេវាកម្ម -បង្កើនផលិតភាពការងារ -ពង្រឹងឧត្តមភាពប្រកួតប្រជែង -ជំរុញការបង្កើតថ្មី និងភាពច្នៃប្រឌិត -ការពារ និងលើកកម្ពស់សម្បត្តិវប្បធម៌ ប្រពៃណី និងធនធានធម្មជា តិរបស់កម្ពុជា។
ទី២ គឺ យុទ្ធសាស្ត្រនៃការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយរៀបចំប្រព័ន្ធសង្រ្គោះទេសចរណ៍,ការអនុវត្តវិធានសុវត្ថិភាព និងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព៉”។ សិក្ខាសាលានេះបានផ្តល់ជាធាតុចូលបន្ថែមទៀតទៅក្នុងការរៀបចំសេចក្តីព្រាងនៃ “ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០២២-២០៣៥” មុនដឹងដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យបន្ថែម៕
ដោយ : សិលា