ខេត្តសៀមរាប : នៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២១នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងប្រទេស ចូលធ្វើការប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ។ តែដោយឡែកនៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១២មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២ ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេះវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាប ក៏មានវត្តមានរបស់ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្តផងដែរ ។
តាមការបញ្ជាក់របស់មន្ត្រីមន្ទីរអប់រំយុវជន និង កីឡាខេត្ត បានឲ្យដឹងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២០.២០២១នេះ មានចែកចេញជា ១២មណ្ឌលប្រឡង មាន ៣៥៧បន្ទប់ ដែលមានសិស្សប្រឡងសរុប ៨ពាន់៨៣២នាក់ ស្រី៥ពាន់៣៨នាក់ ក្នុងនោះវិទ្យាសាស្ត្រពិត មាន៤មណ្ឌល មាន១១២បន្ទប់ ចំនួន២ពាន់៧៥៦ នាក់ ស្រី ១ពាន់៧៧១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៨មណ្ឌល មាន២៤៥បន្ទប់ មានចំនួន៦ពាន់៧៦នាក់ ស្រី៣ពាន់២៦៧នាក់ ។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន ១០មុខវិជ្ជា គឺ គណិតវិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស ។
មានប្រសាសន៍ក្នុងពិធីបើកកេះវិញ្ញាសារប្រឡងនោះលោក លោកស្រី ក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទ បានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សានៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សកលវិទ្យាល័យផងដែរ ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឲ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាល ធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។
សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង អ្នកសារព័ត៌មានយើងបាន សង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការ មេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការឆែកឆេ និង ដកហូតនូវឯកសារទាំងនោះ ដោយមានការ ប្រុងប្រយ័ត្នខ្ពស់ មិនឲ្យឯកសារទាំងនោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ ។ កត្តាសំខាន់នោះលើសុខភាពអនាម័យ ក្នុងការប្រយុទ្ធប្រឆាំង និង កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ ដោយឲ្យបេក្ខជនទាំងអស់ គោរពវិធានការ ៣កុំ ៣ការពារ ផងដែរ៕
ដោយ : សិលា