ប្រទេសបារាំង៖ អគ្គនាយកមជ្ឈមណ្ឌលថែទាំពិសេសសម្រាប់អ្នកជំងឺកូវីដ-១៩ធ្ងន់ បានបញ្ជាក់ថា «មានគ្រូពេទ្យជាច្រើនបានឆ្លងកូវីដ -១៩ …យើងពិតជាហត់នឿយខ្លាំងណាស់ ។ យើងខ្ញុំបារម្ភខ្លាចមិនមានកន្លែងសម្រាប់ទទួលអ្នកជំងឺបន្តទៀត។
កូវីដ-១៩បំប្លែងថ្មីអូមីក្រុងកំពុងតែវាយលុកប្រទេសបារាំង ដោយមានករណីឆ្លងរហូតដល់ជាង១សែននាក់ក្នុងមួយថ្ងៃ ។ រដ្ឋាភិបាលបារាំងបានខិតខំអស់ពីសមត្ថភាពដើម្បីទប់ស្កាត់កូវីដ-១៩ ដោយមិនចាំបាច់បិទប្រទេសជាថ្មី។
ភាគច្រើនករណីឆ្លងកូវីដ-១៩នៅ ក្នុងប្រទេសបារាំង គឺជាវីរុសបំប្លែងថ្មីអូមីក្រុងបានបង្កឱ្យមានការផ្លាស់ប្តូរនៅទូទាំងប្រទេសក្នុងឱកាសបុណ្យណូអែលនិងចូលឆ្នាំសកលខាងមុខ។
មកទល់ពេលនេះមានរបាយការណ៍ស្រាវជ្រាវបង្ហាញឱ្យឃើញថា វីរុសបំប្លែងថ្មីអូមីក្រុង មិនបង្កឱ្យមានជំងឺធ្ងន់នោះឡើយ បើមានគឺតិចតួចប៉ុណ្ណោះ។ តាមការស្រាវជ្រាវរបស់អង់គ្លេស ចំនួនអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ហើយត្រូវចូលពេទ្យព្យាបាលគឺមានតិចជាង វីរុសដែលតា ចាប់ពី៥០-៧០ដង។ ជាមួយគ្នានេះដែរការចាក់ដូសជំរុញ នឹងការពារការឆ្លងអូមីក្រុងបានយ៉ាងល្អបំផុត ហើយអាចជួយឱ្យយើងឆ្លងផុតកូវីដ-១៩ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែករណីឆ្លងកូវីដ-១៩ ដែលតាបាននិងកំពុងធ្វើឱ្យអ្នកជំងឺឈឺធ្ងន់កើនឡើងខ្ពស់ ពិសេសចំពោះអ្នកមិនទាន់ចាក់វ៉ាក់សាំង ។ បច្ចុប្បន្នបារាំង មានអ្នកជំងឺសម្រាកពេទ្យដល់ទៅ១៦.០០០នាក់ ក្នុងនោះមាន៣.៣០០នាក់ត្រូវមើលថែពិសេស។ ក្នុងរយៈពេល១សប្តាហ៍កន្លងមកបារាំងមានករណីស្លាប់ដល់ទៅ១ពាន់នាក់ ធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងប្រទេសនេះកើនឡើងដល់ទៅ១២២ពាន់នាក់ហើយ។ បច្ចុប្បន្នមានពលរដ្ឋបារាំង ៧៦,៥% បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ដូសទីពីរ៕ ដោយ៖សាធី