ភ្នំពេញ : ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈានចូលមកដល់នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមជាមួយកងកម្លាំង នគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ទូទាំងព្រះរាជាណាចក្រកម្ពុជា អបអរសាទរទទួលស្វាគមន៍ ឆ្នាំថ្មី និងសូមសម្ដែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង ក្នុងបុព្វហេតុជាតិ និងប្រជាជនប្រកបដោយឆន្ទៈដ៏មោះមុត សម្រេចបានសមិទ្ធផលផ្លែផ្កាជាច្រើននាឆ្នាំកន្លងទៅ ក្នុងបេសកកម្ម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសក្នុងស្ថានភាពដែលប្រទេសជាតិ ប្រឈមមុខទៅនឹងបញ្ហាដ៏ស្មុគស្មាញដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។
ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះការរួមចំណែកមិនអាចខ្វះបាន ពីសំណាក់កងកម្លាំងនគរបាលជាតិ មន្តី្ររាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលតែងដើរតួនាទីជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុង ការរក្សាបានយ៉ាងរឹងមាំនូវបរិយាកាសអំណោយផលសម្រាប់ប្រទេសកម្ពុជា ដើម្បីបន្តបោះជំហាននៅលើមាគ៌ា នយោបាយជាតិរបស់ខ្លួន ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។ ទន្ទឹមនឹងការកោតសរសើរ ចំពោះស្នាដៃទាំងនេះ និងទោះបីស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល ក្រោមការដាក់ចេញនូវយុទ្ធសាស្ត្រ ប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និង មន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ និងចូលរួមអនុវត្តបានខ្ជាប់ខ្ជួន តាមបទបញ្ជា និងគោលការណ៍នានារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្កើតសមិទ្ធផល និង នាំមកនូវជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជន ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រី ពន្ធនាគារ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួងកុំបីអាក់ខានឡើយ៕