ភ្នំពេញ : លិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងពិធីដ៏ប្រពៃថ្លៃថ្លា នៃឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២. តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃ រដ្ឋសភា ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ ទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាវាងវៃ ព្រះជន្មាយុយឺនយូរ និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំង ប្រទេស។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាត សម្តែងនូវកតញ្ញូ តាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណគុណូបការៈដ៏ថ្លៃថ្លាក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្ត ដែលព្រះ អង្គតែងមានព្រះព្រហ្មវិហារធម៌ ទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ផ្ទាល់យ៉ាងច្រើនសន្ធឹកសន្ធាប់របស់ព្រះអង្គ ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ សង្គមកិច្ច វប្បធម៌ សាសនា និង សេចក្តីសុខក្សេមក្សាន្ត ជូនប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
ជាថ្មីម្ដងទៀត តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃរដ្ឋសភា ទូលព្រះបង្គំជាខ្ញុំ សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សា ព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យ ព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ តាមជួយអភិបាល គ្រងរក្សា ប្រោះព្រំសព្ទសាធុការពរជ័យថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំយើងខ្ញុំ៕