រដ្ឋាភិបាលហ្វីលីពីនបានសម្រេចឈប់ប្រកាសពីតួលេខឆ្លងកូវីដ១៩ ប្រចាំថ្ងៃ ដើម្បីឆ្ពោះទៅរកការរស់នៅជាមួយកូវីដ១៩ ហើយចាត់ទុកជំងឺនេះគឺជាជំងឺធម្មតា ដូចជាផ្តាសាយ។ ការសម្រេចខាងលើកើតឡើងក្រោយពេលប្រទេសនេះ កំពុងប្រឈមការឆ្លងកូវីដ១៩ លើកទី៤ បង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង។ មន្ត្រីសុខាភិបាលហ្វីលីពីនបានប្រកាសថា ករណីឆ្លងកូវីដ១៩ នៅតំបន់ Metro Manila ក្នុងនោះមានទីក្រុងម៉ានីលនិងតំបន់ជិតខាង មានករណីឆ្លងកូវីដ១៩ កើនឡើង អាចបង្កឲ្យមានរលកកូវីដ១៩ លើកទី៤នៅក្នុងប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីន លោក Maria Rosario Vergeire បានលើកឡើងនៅថ្ងៃទី ២៨ខែធ្នូថា កន្លងមករាល់ព័ត៌មានស្តីពីករណីឆ្លងកូវីដ១៩ ករណីស្លាប់ ករណីចូលពេទ្យដោយឈឺធ្ងន់…នឹងត្រូវប្រកាសនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល។ ប៉ុន្តែចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២២ នឹងមិនមានរបាយការណ៍ ស្តីពីករណីឆ្លងកូវីដ១៩ ផ្សព្វផ្សាយជាប្រចាំថ្ងៃទៀតឡើយ។ ប្រទេសហ្វីលីពីន សិង្ហបុរី និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុប បានបង្វែគោលដៅរបស់ខ្លួនសម្រាប់ការព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយចាត់ទុកកូវីដ១៩ គឺជាជំងឺធម្មតា ដូចជាផ្តាសាយ… ដោយឈប់ផ្តោតទៅលើតួលេខនៃការឆ្លងមិននាំមកផលប្រយោជន៍អ្វីឡើយ។ ជាមួយគ្នានេះដែរ សាស្ត្រាចារ្យ Teo Yik Ying នាយកសាលាពេទ្យ Saw Swee Hock ស្ថិតនៅក្នុងសកលវិទ្យាល័យសិង្ហបុរី បានបញ្ជាក់ថា « តួលេខនៃការឆ្លង ទាំងចេញអការៈ និងមិនចេញអការៈ បានបង្កផលលំបាកនិងខាតបង់ពេលវេលា ជាកម្មភាពអត់ប្រយោជន៍ឡើយនៅពេលនេះ»។ ប៉ុន្តែសកម្មភាពខាងលើទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកប្រឆាំង ដោយបានលើកឡើងថា ការប្រកាសតួលេខគឺអាចជួយដល់ពលរដ្ឋតាមដានពីចំនួនអ្នកឆ្លងក្នុងប្រទេសថយចុះឬក៏កើនឡើងប្រចាំថ្ងៃ ដើម្បីជួយឲ្យការរស់នៅរបស់ពលរដ្ឋមានភាពជឿជាក់៕ដោយ៖សាធី
រូបថត៖Reuters.