ភ្នំពេញ៖នៅព្រឹក ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។
នៅក្នុងឱកាសនោះ លោក Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ ដែលមានទឹកប្រាក់ប្រមាណជា១៤៥លានដុល្លារសហរដ្ឋអាមេរិក ។ ទាក់ទងទៅនឹងវិស័យការពារជាតិ លោក Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា នៅកំពង់ផែរាម ហើយក៏នឹងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។
ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន លោក Masahiro Mikami បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀម ផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។ ទាក់ទងទៅនឹងវិស័យវិនិយោគវិញ លោក Mikami បានជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុន តូយ៉ូតា កំពុងតែរៀបចំស្នើសុំបង្កើតរោងចក្រគ្រឿងបង្គុំនៅក្នុងប្រទេសកម្ពុជា ហើយក៏មានក្រុមហ៊ុនដទៃទៀតកំពុងតែស្នើសុំបង្កើតរោងចក្រផលិតអគ្គិសនីដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះផងដែរ លោក Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោលើការគាំទ្ររបស់ជប៉ុនធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុឲ្យទៅជាកំពង់ផែស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជានារយៈពេលកន្លងមក ជាពិសេសថ្មីៗនេះដែលបានជួយលើការផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជា និងជំនួយដទៃទៀតជាបរិក្ខាផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះការផ្ដល់ជារថយន្ត ការផ្ដល់ជាសម្ភារៈ កិច្ចសហប្រតិបត្តិការក៏ដូចជាការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យនៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។
ចំពោះការអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចូលចតនូវនាវាស្វ័យការពារជើងទឹករាមនៅកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមស្វាគមន៍ និងបានមានប្រសាសន៍ថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ ។
ទាក់ទងទៅនឹងបំណងមកវិនិយោគរបស់ ក្រុមហ៊ុនតូយ៉ូតា មកកាន់ប្រទេសកម្ពុជា ក៏ដូចជាក្រុមហ៊ុនផលិតអគ្គិសនី និងការគាំទ្រកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងសូមឱ្យបន្តធ្វើការងារនេះជាមួយនឹងស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ទៀត៕
ដោយ៖សុខ ខេមរា