ខេត្តកណ្តាល : មណ្ឌលយុវនីតិសម្បទាដែលមានទីតាំងនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ សម្រាប់ទទួលជនត្រូវចោទ ជាប់ចោទ ពិរុទ្ធជន និងទណ្ឌិតដែលជាអនីតិជនអាយុក្រោម១៨ឆ្នាំ ដើម្បីស្ដារនីតិសម្បទាឱ្យត្រលប់ចូលក្នុងសង្គមវិញ។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងថា ការដាក់ដំណើរការមណ្ឌលយុវនីតិសម្បទានាពេលនេះ បានរួមចំណែកដល់ការជំរុញអនុវត្តច្បាប់ស្ដីពីយុត្ដិធម៌អនីតិជន ធានាការពារសិទ្ធិ សុវត្ថិភាព និងលើកស្ទួយសុខមាលភាពរាងកាយ និងស្មារតីរបស់អនីតិជន ជាប់ឃុំ ស្របតាមច្បាប់ជាតិ វិធានជាបទដ្ឋានអប្បបរមា នៃអង្គការសហប្រជាជាតិសម្រាប់គ្រប់គ្រងវិស័យយុត្តិធម៌អនីតិជន និងវិធានរបស់អង្គការសហប្រជាជាតិសម្រាប់ការពារអនីតិជន ដែលដកហូតសិទ្ធិសេរីភាព។
លោករដ្ឋមន្រ្តីថា៖ «ស្ដារនីតិសម្បទាទណ្ឌិត និងធ្វើសមាហរណកម្មទណ្ឌិត ដែលបានអនុវត្តទោសរួចហើយទៅក្នុងសង្គម និងសហគមន៍វិញ។ មណ្ឌលយុវនីតិសម្បទានេះ ក៏ជាការរួមចំណែករំលែកនូវភាពចង្អៀតណែនទណ្ឌិត និងពិរុទ្ធជននៅតាមពន្ធនាគារផងដែរ។ នេះជាមណ្ឌលដំបូងគេនៅប្រទេសកម្ពុជាដែលពីមុនមកយើងមិនដែលមានមណ្ឌលបែបនេះទេ» ។
ក្នុងការដាក់ដំណើរការមជ្ឈមណ្ឌលជាជំហានដំបូងនាថ្ងៃនេះមានអនីតិជនចំនួន៥០នាក់ត្រូវបានបញ្ជូនមកដាក់ជាជំហានសាកល្បងសិន។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងពិធីសម្ពោធនោះថា បញ្ហាយុវជនជំនាន់ក្រោយគឺជាកង្វល់របស់រាជរដ្ឋាភិបាលដើម្បីតម្រង់ទិសទៅអនាគតរបស់ពួកគេក៏ដូចជាប្រទេសជាតិ។ លោកថា រាជរដ្ឋាភិបាលមិនអាចទុកចោលកុមារនិងយុវជនឱ្យបន្តខូចខាតអនាគតរបស់ពួកគេនោះទេ ដូច្នេះហើយទើបការបង្កើតមណ្ឌលយុវនីតិសម្បទានេះឡើង។
សម្ដេចក្រឡាហោមថា៖ «យើងបានយកចិត្តទុកដាក់ក្នុងការតាមដានពួកគាត់ជួយពួកគាត់ មិនមែនតាមដានរឿងអីទេ គឺថាជួយផ្ចុងផ្ដើមពួកគាត់ធ្វើមិចឱ្យគាត់កែខ្លួន។ ព្រោះសាលារៀនយើងធ្វើហើយដែលអាចទៅរៀនបាន ទោះបីជាមានកន្លែងខ្លះឆ្ងាយតែយើងមាន អនុវិទ្យាល័យមានគ្រប់ឃុំ ឃុំខ្លះមានដល់២ ហើយបើរាជធានីមានដល់៣អីនោះជាការយកចិត្តទុកដាក់ដើម្បីកសាងទំពាំងស្នងឬស្សី តែដល់ទំពាំងហ្នឹងខូចវាមិនល្អយើងតាមមកទៀតដើម្បីនឹងធ្វើមជ្ឈមណ្ឌលស្ដារនីតិសម្បទាដល់អនីតិជនហ្នឹង ដល់ទំពាំងហ្នឹងទៀត»។
បើតាមសម្ដេចក្រឡាហោម ស ខេង បច្ចុប្បន្នមានអនីតិជនដែលត្រូវជាប់ឃុំខ្លួននៅតាមពន្ធនាគារនានាទូទាំងប្រទេសចំនួន១៤២២នាក់ ក្នុងនោះមានជនត្រូវចោទ៤៥០នាក់ ជនជាប់ចោទ៣១០នាក់ ពិរុទ្ធជន៤២១ និងទណ្ឌិត២៤១នាក់។ អនីតិជនទាំងនេះមានបទល្មើសទាក់ទងនឹងគ្រឿងញៀន ៤៥២នាក់ ប្លន់១២៥នាក់ លួច១០៩នាក់ មនុស្សឃាតនិងឃាតកម្ម៣៤នាក់ រំលោភ៣១នាក់ និងផ្សេង៦៧១នាក់។
មណ្ឌលយុវនីតិសម្បទាដែលត្រូវសម្ពោធនាថ្ងៃនេះចាប់ផ្ដើមកសាងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់នៅថ្កៃទី៣០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។ មជ្ឈមណ្ឌលនេះមានបន្ទប់សម្រាប់មន្ត្រីបំពេញការងារ និងស្នាក់នៅ បន្ទប់ទទួលភ្ញៀវ បន្ទប់ថែទាំ និងបន្ទាប់សម្រាប់អនីតិជនស្នាក់នៅចំនួន ៩២បន្ទប់ដែលអាចទទួលអនីតិជនស្នាក់នៅបានចំនួន ១ ១៤០នាក់។ ក្រសួងសង្គមកិច្ចក៏មានគម្រោងរៀបចំអាគារសម្រាប់បណ្ដុះបណ្ដាលដល់អនីតិជនដែលមានទីតាំងក្នុងមណ្ឌលនេះនាពេលខាងមុខផងដែរ៕