ភ្នំពេញ : នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បេក្ខភាពនាយករដ្ឋមន្ត្រី គណបក្សប្រជាជនកម្ពុជា សម្រាប់អនាគត បានផ្ញើរសារជាលើកទី២ដល់ ទណ្ឌិត សម រង្ស៊ី ក្នុងនោះបានថ្លែងថា,
សូមផ្ញើសំណួរមួយទៀតជូនទៅលោក សម រង្សី ដែលជាអ្នកនយោបាយចាស់វស្សាដែលចូលចិត្តវាយប្រហារពីក្រោយខ្នង តែគ្មានភាពហានក្លា ក្នុងការចេញមកតតាំងផ្ទាល់ជាមួយក្មេង៖ តើលោកមានភាពក្លាហាននិងមានឆន្ទៈនយោបាយពិតប្រាកដ ក្នុងការជ្រើសរើសបេក្ខជនបន្តវេនរបស់បក្សលោក ដូចថ្នាក់ដឹកនាំគណបក្សប្រជាជនបានធ្វើដែរឬទេ?
លោកបន្តថា, កាលពីឆ្នាំ២០១៩ ក្រោយពីខ្ញុំបបួលលោក សម រង្ស៊ី ភ្នាល់ដើម្បីឱ្យគាត់ការពារអំណះអំណាងរបស់គាត់ដែលបានលើកឡើងមកវាយប្រហារ ក្នុងគោលបំណងមាក់ងាយដល់សញ្ញាបត្ររបស់ខ្ញុំ ដែលបានទទួលពីសាលានាយទាហានសហរដ្ឋអាមេរិក (West Point)។ ពេលនោះលោក សម រង្ស៊ី ធ្វើការឆ្លើយតបជាបន្ទាន់ក្នុងរយៈពេលមិនដល់បីម៉ោងផង ដោយសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ។
ប៉ុន្តែចំពោះការបបួលភ្នាល់ម្ដងទៀតនៅពេលនេះ បន្ទាប់ពីលោក សម រង្ស៊ី នៅតែធ្វើការវាយប្រហារមួលបង្កាច់លើសញ្ញាបត្ររបស់ខ្ញុំជាថ្មីទៀត គឺអស់រយៈពេលពីរថ្ងៃហើយដែលលោក សម រង្ស៊ី មិនបានចេញសារឆ្លើយតបដូចលើកមុនទេ។ ភាពស្ងាត់ស្ងៀមបែបនេះ គឺជាចម្លើយមួយយ៉ាងច្បាស់ថាលោក សម រង្ស៊ីមិនហ៊ានចេញមកភ្នាល់ជាមួយខ្ញុំដើម្បីការពារអំណះអំណាងរបស់គាត់ទេ ព្រោះគាត់ដឹងថាគាត់និយាយគ្មានមូលដ្ឋានច្បាស់លាស់។
លោក ហ៊ុន ម៉ាណែត បានខោកថា, បើជ្រុលជាលោកមិនហ៊ានចេញមកតតាំងផ្ទាល់ជាមួយខ្ញុំដែលជាក្មេងជំនាន់ក្រោយទេ គួរតែលោកមានភាពក្លាហានក្នុងការបញ្ចេញយុវជនបន្តវេនរបស់លោក មកប្រកួតប្រជែងជាមួយខ្ញុំ និងជាមួយយុវជនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាមក។ ខ្ញុំគិតថាលោកមានអាយុច្រើនហើយ ល្មមដល់ពេលលោកសម្រាកនិងហ៊ានលះបង់នូវមហិច្ចិតាចង់បានអំណាចរបស់លោក ដើម្បីទុកឱកាសឱ្យយុវជនជំនាន់ក្រោយបានលូតលាស់ផង។
បើតាមស្ដាប់កិច្ចសម្ភាសន៍របស់លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី២៥ ធ្នូ ២០២១ កន្លងទៅនេះគឺលោក សម រង្ស៊ី បានបញ្ជាក់ច្បាស់ថា លោកមានយុវជនជាច្រើនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចជ្រើសរើសធ្វើជាបេក្ខជនបន្តវេនរបស់បក្សប្រឆាំងបាន។
ហេតុដូច្នេះការដែលបក្សប្រឆាំងមិនទាន់ជ្រើសរើសបេក្ខភាពអ្នកបន្តវេនមកដល់ពេលនេះ ប្រហែលមកពីការខ្វះឆន្ទៈនយោបាយរបស់លោក សម រង្ស៉ី ក្នុងការបើកឱកាសដល់ក្មេងៗដើម្បីបានក្លាយជាអ្នកបន្តវេន ព្រោះថាមេដឹកនាំនយោបាយចាស់វស្សា នៅតែបន្តក្រាញជាមួយនឹងមហិច្ឆិតានយោបាយរបស់ខ្លួន ចង់បានតួនាទីធ្វើជានាយករដ្ឋមន្ត្រី។
ហេតុដូច្នេះបើសិនជាលោក សម រង្ស៊ី មានឆន្ទៈនយោបាយ និងសេចក្តីក្លាហានដូចសម្ដេចតេជោ គឺលោកប្រាកដជានឹងជ្រើសរើសបេក្ខជនបន្តវេន ដើម្បីចូលរួមប្រកួតប្រជែងជាមួយបេក្ខជនបន្តវេនរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះជាក់ជាមិនខាន។
លោកមិនហ៊ានចេញភ្នាល់ជាមួយក្មេងដូចជារូបខ្ញុំ ដែលលោកបានវាយប្រហារពីក្រោយខ្នងរឿងសញ្ញាបត្រកម្រិត២ ឬសញ្ញាបត្រយោគយល់ នោះទៅហើយ។ តើលោកហ៊ានជ្រើសរើសអ្នកបន្តវេនរបស់លោកឬរបស់បក្សលោក និងផ្តល់ឱកាសអោយគេមកប្រកួតជាមួយអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដូចជារូបខ្ញុំ ដើម្បីបង្ហាញសមត្ថភាព អោយប្រជាជន ធ្វើការបោះឆ្នោតជ្រើសរើសទេ?
តើលោក សម រង្ស៊ី មានភាពក្លាហាននិងឆន្ទៈនយោបាយគ្រប់គ្រាន់ទេ? ឬលោកនៅតាំងខ្លួនជាក្របីចាស់ ដែលចង់ជល់ជាមួយនឹងកូនក្របី? ៕
ដោយ : សិលា