ខេត្តកណ្ដាល៖ តាមសេចក្តីរាយការណ៍បានឲ្យដឹង ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល លោកហេង ផល្លាបានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់ ដាក់ពន្ធនាគារ បណ្តោះ អាសន្ន ពីបទ «រួមភេទជាមួយអនីតិជន អាយុក្រោម ១៥ ឆ្នាំ» តាមមាត្រា ៤២ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ។
ការសម្រេចចិត្តឃុំខ្លួនយុវជនរូបនេះបានធ្វើឡើង នៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។
គួររម្លឹកថា សកម្មភាពចាប់រំលោភក្មេងស្រី អាយុក្រោម ១៥ ឆ្នាំរូបនេះ ប្រព្រឹត្តិឡើង នៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថ្មីៗកន្លងមកនេះ ទៅលើជនរងគ្រោះ អាយុ ១៤ឆ្នាំ មានទីលំនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលមាន មុខរបរ ជាសិស្ស ។
សមត្ថកិច្ច បានអោយដឹងថាៈ ជនត្រូវចោទឈ្មោះ សាម សិទ្ធ ហៅ ទុំ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ កម្មករសំណង់ ។
តាមដំណើររឿងមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានស្រឡាញ់គ្នា ជាងពីរខែមកហើយ ។ លុះមកដល់វេលាកើតហេតុ ខាងលើ ជនរងគ្រោះ និងជនសង្ស័យ បានត្រូវរ៉ូវគ្នា ហើយព្រមព្រៀងរួមភេទ ជាមួយគ្នា ក្នុងបន្ទប់នៃផ្ទះជនរងគ្រោះ នៅពេល ឪពុកម្តាយ មិនបាននៅផ្ទះ បានសម្រេច រហូតជាបន្តបន្ទាប់ ចំនួន បីលើក។ក្រោយមក នៅលើកទី៣ ត្រូវបែកការណ៍ នៅពេលម្តាយមីងរបស់ ជនរងគ្រោះ បានមកឃើញទាន់ ដោយឃើញអ្នកទាំងពីរ កំពុងដេកនៅក្នុងបន្ទប់ តែពីរនាក់ ក្នុងបន្ទប់នៃផ្ទះជនរងគ្រោះ រួចហើយ ក៏បានប្រាប់ឪពុកម្តាយរបស់ជនរងគ្រោះ អោយបានដឹងអអំពីរឿងនេះ។
លុះមកដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឪពុកម្តាយរបស់ជនរងគ្រោះ ក៏បានមកដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍ព្រែកឫស្សី អោយចុះឃាត់ខ្លួន សួរនាំជនសង្ស័យតែម្តង ។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងទៀតថាបន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់អាណាព្យាបាលជនរងគ្រោះសមត្ថកិច្ចបាននាំខ្លួនយុវជនរូបនេះមកសួរនាំរួចកសាងសំណុំបែបបទបញ្ជូនបន្តមកថ្នាក់លើ។
ក្រោយពីដល់ដៃថ្នាក់លើនោះបានបញ្ជូនមកកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តរួចត្រូលោកចៅក្រមសម្រេចឃុំខ្លួនតែម្តង៕
ដោយ៖ អរុណរះ