ខេត្តប៉ៃលិន ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ មានករណីមន្រ្តីអនុរក្សពន្ធនាគារខេត្តប៉ៃលិនម្នាក់ ដែលជួញដូរគ្រឿងញៀន ត្រូវបានបញ្ជូនទៅតុលាការខេត្តប៉ៃលិនហើយ ក្រោយពីសារព័ត៌មានមួយចំនួនបានចេញផ្សាយយ៉ាងរស៊ើប នូវករណីបែកធ្លាយអ្នកទោស និងមន្រ្តីពន្ធនាគារខេត្តប៉ៃលិន បានប្រើប្រាស់គ្រឿងញៀន ទើបរហូតមកដល់វេលាម៉ោង១៩ និង០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន រកឃើញថាមានទណ្ឌិត កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តប៉ៃលិនម្នាក់ បានរក្សាទុកនូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកកICE) បម្រុងនឹងនាំចូលទៅក្នុងពន្ធ នាគារ។ តែត្រូវមន្រ្តីអនុរក្សពន្ធនាគារ ដែលយាមក្លោងទ្វារ បានឆែកឆេរលើខ្លួនទណ្ឌិតនោះ ឃើញមានថង់មួយកញ្ចប់រុំដោយស្កុតពណ៌ខ្មៅ លុះឆែកឆេរក៏ឃើញតែម្តង។
ប្រភពព័ត៌មានពីនគរបាលស្នងការខេត្តប៉ៃលិនបានឱ្យដឹងថា ៖ ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ កម្លាំងជំនាញ បានចុះទៅដល់កន្លែងពន្ធនាគារខេត្តប៉ៃលិន ដែលស្ថិតនៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កម្លាំងជំនាញក៏បានពិនិត្រលើវត្ថុតាង ដែលកម្លាំងមន្រ្តីពន្ធនា គារបានធ្វើការឆែកឆេរ និងដកហូតពីទណ្ឌិតឈ្មោះ សំរោង រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ដែលបច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារខេត្តប៉ៃលិន។
ប្រភពបន្តទៀតថា÷បើយោងតាមចម្លើយសារភាពរបស់ទណ្ឌិតខាងលើថាថង់មួយកញ្ចប់រុំដោយស្កុតពណ៌ខ្មៅនេះគឺឈ្មោះ ងឿ ចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ ជាមន្រ្តីពន្ធនាគារខេត្តប៉ៃលិន រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រគល់ឲ្យរូបគេ ដើម្បីយកចូលទៅក្នុងរបងសុវត្ថិភាពពន្ធនាគារ ក្នុងកិច្ចប្រតិបត្តិការ និងសហការខាងលើកម្លាំងជំនាញយើងទទួលលទ្ធផល ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ។ ក្រោយធ្វើការឃាត់ខ្លួន នគរបាលរកឃើញនូវម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០១កញ្ចប់ ទម្ងន់៦៧,៣៥ក្រាមថ្នាំសុទ្ធ។
ក្នុងករណីខាងលើកម្លាំងជំនាញបាននាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងឿ ចិត្ត ភេទប្រុស ជាមន្ត្រីពន្ធ នាគារ មកកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីសាកសួរ
និងក៏សាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំណែកទណ្ឌិតឈ្មោះ សំរោង រិទ្ធី ភេទប្រុស គឺនៅក្នុងពន្ធនាគារខេត្តប៉ៃលិនដដែល។
ចំពោះករណីខាងលើនេះដែរ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខណ:បានជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យនៅខេត្តបាត់ដំបង ដោយសម្តេចលើកឡើងថា ៖ មិនត្រូវឱ្យបានការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងពន្ធនាគារណាមួយនោះឡើយ៕ ដោយ ÷ស សារ៉េត