ភ្នំពេញ ៖ ខ្សែភ្លើងរដ្ឋជាប់នឹងលំនៅឋានបងប្អូនពលរដ្ឋដ៏ធំមួយ ត្រូវបានឆាបឆេះ ដោយសារតែការឆ្លងចរន្ត បង្កអោយមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង០៨ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ មានការឆ្លងចរន្ត រហូតផ្ទុះបែកផ្កាភ្លើងលើខ្សែភ្លើងខាងលើ នឹងបង្កអោយមានការឆាបឆេះជាខ្លាំងនៅលើខ្សែភ្លើង ខណៈខ្សែភ្លើងដែលឆាបឆេះនោះ ជាប់នឹងដំបូងផ្ទះបងប្អូនប្រជាពលរដ្ឋ ។
ភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ ដើម្បីទំនាក់ទំនងទៅខាងអគ្គីសនីកម្ពុជាអោយជួយបិទចរន្ត នឹងបានទាក់ទងបន្តទៅខាងក្រុមរថយន្តពន្លត់អគ្គីភ័យចំនួនអោយចុះជួយអន្តរាគមន៍ ធ្វើការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងកុំអោយឆាបឆេះ បន្ត ។ បន្ទាប់ពីអន្តរាគមន៍ប្រមាណ១០នាទីរួចមក ឃើញថា ការឆាបឆេះបាន រលត់សូន្យសុងទៅវិញ១០០ភាគរយ ដោយបាន ឆាបឆេះបំផ្លាញស្លាកប៉េនន័រអាជីវកម្មរកស៊ី របស់បងប្អូនពលរដ្ឋដែលនៅជាប់លើដំបូង អស់២ផ្ទាំង តែសំណាងហើយ មិនមានការរាលដាល ដល់លំនៅឋានរបស់ពួកគេ ពិសេស ក៏មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ ។
ក្នុងករណីដដែលនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់២គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍ នៃការឆាបឆេះនេះ ៕
ដោយ៖សុខាសែនជ័យ