សារឆ្នាំថ្មី២០២២របស់ប្រមុខដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង

ចែករំលែក៖

ព័ត៌មានអន្តរជាតិ៖ សារអំណរឆ្នាំថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូនជេអុីន នៅលើបណ្តាញសង្គមបានបង្ហាញក្តីសង្ឃឹមថា ការបោះឆ្នោតនាពេលខាងមុខនឹងនាំមកនូវក្តីសង្ឃឹមសម្រាប់អនាគតរបស់ពលរដ្ឋ ។ ការបោះឆ្នោតនៅកូរ៉េខាងត្បូងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមីនាឆ្នាំ២០២២ ដោយមានបេក្ខភាពពីររូប គឺលោក Lee Jae Myung មកពីគណបក្សកាន់អំណាច និងលោក Yoon Suk Yeol មកពីគណបក្សប្រឆាំង ។ ជាមួយគ្នានេះមេដឹកនាំកូរ៉េខាងត្បូង ស្នើឱ្យបង្រួបបង្រួមជាតិ សាមគ្គីភាពដើម្បីការរីកចម្រើន ។ ជាមួយគ្នានេះដែរ យើងនឹងខិតខំដើម្បីយកឈ្នះទៅលើការឆ្លងរាលដាលកូវីដ-១៩ នាំមកនូវជីវភាពរស់នៅធម្មតារបស់ពលរដ្ឋវិញ។ ចំណែកមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្តោតសំខាន់លើសន្តិសុខស្បៀងសម្រាប់ឆ្នាំ២០២២ និងមិនបានរំលឹកឈ្មោះសហរដ្ឋអាមេរិកឡើយ។ យោងតាមការសរុបអត្ថន័យចំពោះសុន្ទរកថាគម្រប់ខួប១០ឆ្នាំ នៃការឡើងកាន់អំណាចរបស់លោក គីម ជុងអ៊ុន នោះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានផ្តោតជាសំខាន់តែទៅលើចង្វាក់ផលិតកម្មនៃរោងចក្រផលិតត្រាក់ទ័រ និងឯកសណ្ឋានសិស្សតែប៉ុណ្ណោះ ដោយពុំបានលើកឡើងពីអាវុធនុយក្លេអ៊ែរ ឬរឿងរ៉ាវពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកជាសំខាន់ដូចឆ្នាំមុនៗនោះឡើយ។ នៅក្នុងសុន្ទរកថាកាលពីថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក គីម ជុងអ៊ុន បានលើកឡើងពីសារៈសំខាន់នៃការជំរុញសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការជំរុញផែនការអភិវឌ្ឍន៍នៅទីជនបទ ខណៈប្រជាជនជាច្រើនកំពុងប្រឈមនឹងការតស៊ូដ៏លំបាកដើម្បីរក្សាជីវិតឱ្យរួចផុតពីគ្រោះអត់ឃ្លាន និងសេចក្តីស្លាប់។ ដោយឡែកពីនេះ ការស្លៀកពាក់របស់សិស្សសាលាទាំងអស់ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដោយសកម្មភាពរបស់ពួកគេ ត្រូវបានណែនាំមិនឲ្យប្រាសចាកពីបែបបទសង្គមនិយមរបស់កូរ៉េខាងជើងនោះឡើយ។ ប៉ុន្មានឆ្នាំមុននេះ លោក គីម ជុងអ៊ុន ធ្លាប់បានប្រើប្រាស់សុន្ទរកថាឆ្លងឆ្នាំ ដើម្បីប្រកាសចេញនូវគោលនយោបាយចម្បងៗ ដែលខ្លួនចង់សម្រេចឱ្យបាន ជាពិសេសគឺពាក់ព័ន្ធទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ កូរ៉េខាងជើងមិនបានលើកឡើងនោះឡើយ អំពីឈ្មោះសហរដ្ឋអាមេរិក ប៉ុន្តែបានលើកឡើងតិចតួច និងមិនច្បាស់លាស់អំពីកិច្ចពិភាក្សាពាក់ព័ន្ធទំនាក់ទំនងអន្តរ-កូរ៉េ។ គួរបញ្ជាក់ថា យោងតាមសុន្ទរកថារបស់លោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រ អាចឱ្យអ្នកវិភាគមើលឃើញអំពីវិបត្តិសេដ្ឋកិច្ចដែលលោក គីម កំពុងជួបប្រទះនៅក្នុងការដឹកនាំប្រទេសកូរ៉េខាងជើង ខណៈដែលការបិទខ្ទប់ប្រទេសបន្ថែមទៀត ដើម្បីទប់ទល់នឹងជំងឺ COVID-19 បូករួមនឹងទណ្ឌកម្មធ្ងន់ធ្ងរស្រាប់ពីអន្តរជាតិកាន់តែធ្វើឱ្យប្រទេសអាស៊ីបូព៌ាមួយនេះឯកោខ្លាំងឡើង៕ ដោយសាធី

...

រូបថត៖ KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print