ខេត្តកណ្ដាល៖ មុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំឡោមព័ទ្ធបង្ក្រាបចាប់ខ្លួន រួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួនមួយកញ្ចប់ធំ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ប្រតិបត្ដិការបង្ក្រាបចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនសង្ស័យក្បែរបងវត្ដសិរីដីដុះ ស្ថិតក្នុងភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ។
អធិការនគរបាលស្រុកកោះធំ លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនឈ្មោះ រិន ភារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល ។ ក្នុងប្រតិបត្ដិការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួនមួយកញ្ចប់ធំ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ ,ទូរស័ព្ទដៃមួយគ្រឿង ,ហឹបដែកចំនួន១ និងសម្ភារសម្រាប់វិចខ្ចប់-ឧបករណ៍សម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។
លោកវរសេនីយ៍ត្រីឈឿន ប៊ុនឆន បានបន្ដថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មនៅក្នុងមូលដ្ឋានឃុំព្រែកថ្មី កន្លងមកសមត្ថកិច្ចបានតាមដានជាសម្ងាត់ទើបឈានដល់ឃាត់ខ្លួនបានរួមជាមួយវត្ថុតាងជាក់ស្ដែងនៅថ្ងៃនេះ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖ ស្អាងជ័យ
...