ខេត្តកំពង់ស្ពឺ៖ មិត្តភក្តិបបួលមកដើរលេងបែរជាខ្ចីម៉ូតូជិះទៅបាត់ច្រើនថ្ងៃពេលតាមទាន់ក៏ឃាត់ខ្លួននិងប្តឹងសមត្ថកិច្ចឲ្យជួយចាត់ការ។
ការឃាត់ខ្លួននេះធ្វើឡើងដោយម្ចាស់ម៉ូតូផ្ទាល់នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះផន លាភា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអង្គបានទី៣ ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ចំណែកម្ចាស់ម៉ូតូមានឈ្មោះម៉ុន វ៉ៃ ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅភមិខ្វាន់ជាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
ជនរងគ្រោះជាម្ចាស់ម៉ូតូបានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលឈានមកដល់ការឃាត់ខ្លួននេះរូបគេនិងជនសង្ស័យ២នាក់ទៀតបាននាំគ្នាមកលេងនៅភូមិចំការចេកនេះនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ពេលមកដល់ជនសង្ស័យនិងបក្ខពួក២នាក់ទៀតមានឈ្មោះជ្រុយនិងឈ្មោះពៅបានប្រាប់ថា ឲ្យគេនៅចាំទីនេះហើយគេទៅយកមិត្តភក្តិម្នាក់ទៀត។ ជនរងគ្រោះបន្តថាពេលបានម៉ូតូពួកគេនាំគ្នាជិះចេញទៅបាត់ស្រមោលឈឹង។ ពេលនោះរូបគេក៏បានមកដាក់ពាក្យបណ្តឹងនៅស្រុកភ្នំស្រួចឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកពួកជនសង្ស័យដើម្បីយកម៉ូតូមកវិញតែទោះជារកយ៉ាងណាក៏មិនឃើញដែរ។ រហូតដល់ព្រឹកថ្ងៃទី១៨ខែមេសារូបគេបានឃើញជនសង្ស័យកំពុងជិះម៉ូតូក៏ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា រូបគេនិងបក្ខពួក២នាក់ទៀតមានបំណងយកម៉ូតូនេះទៅលក់នៅភ្នំពេញតែនៅពេលជិះទៅរកគ្នាក៏ត្រូវម្ចាស់ឃើញ ហើយឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យជិះយកទៅនេះម៉ាកMSX ពណ៌ស ពាក់ស្លាកលេខកំពង់ចាម1N-3415 ។ បច្ចុប្ន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករងចាំបំពេញសំណុំរឿងតាមនីតិវិធីបញ្ជូនទៅថ្នាក់លើចាត់ការបន្ត៕


ដោយ៖ សេនាស័ក្តិ
...