ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រី២កន្លែងដែលលួចបើក នៅតាមផ្លូវរថភ្លើង ត្រូវគណ:បញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្ក្រាប ដោយមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ ដឹកនាំដោយលោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលខណ្ឌនិងមានការសម្របសម្រួលពីលោកគុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាលិទ្ធផលដកហូតបានទូរហ្គេមបាញ់ត្រី១គ្រឿង ទូរបៀរចំនួន១២គ្រឿង ដាវសាំម៉ូរ៉ៃ២ដើម ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀននិងសម្ភារះមួយចំនួន ។
ករណីចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីដែលជាតំបន់ក្តៅនិងជាទីតាំងងាយស្រួលចែកចាយគ្រឿងញៀននេះ នៅចំណុចផ្ទះលេខ៧២ និងមួយកន្លែងទៀតចាក់សោរចោល នៅតាមផ្លូវរថភ្លើង ក្រុម២៣ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ទី១៨ ខែមេសា ឆ្នាំ២០១៦ ។
ក្រោយប្រតិបត្តិការទីតាំងខាងលើនេះ សមត្ថកិច្ចដកហូត វត្ថុតាងមាន ទូរហ្គេមបាញ់ត្រី១គ្រឿង ដាវសាំម៉ូរ៉ៃ២ដើម ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿងនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀននិងសម្ភារះមួយចំនួន ។ ចំណែកឯផ្ទះមួយផ្សេងទៀតនៅខាងក្រោមមានទូរហ្គេមបាញ់ត្រី១គ្រឿង ទូរបៀរចំនួន១២គ្រឿងដំណើរការ១០គ្រឿងនិងដាវសាំម៉ូរ៉ៃ១ដើមព្រមទាំងមានម៉ាសុីនត្រជាក់ទៀតផង ។
បច្ចុប្បន្នវត្ថុតាងដែលដកហូតបាន ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការកម្ទេចនៅពេលក្រោយ ៕
ដោយ៖ ស ដារ៉ា