ភ្នំពេញ ៖ ស្រ្តីម្នាក់បានជិះម៉ូតូមួយគ្រឿងទៅបុកគូទម៉ូតូមួយគ្រឿងទៀតពេញទំហឹង បណ្តាលឱ្យដួលសន្លប់ស្តូកស្តឹង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៧២ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AH-1860 ជិះដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៥ ក្នុងទិសដៅពីត្បូងទៅជើងដោយប្រើល្បឿនយឺតល្មម ខណៈជិះមកដល់ត្រង់ចំណុចកើតហេតុខាងលើ កែងផ្លូវលេខ៤៧២ បានបត់ឆ្វេងដៃក៏ស្រាប់តែមានម៉ូតូម៉ាកស្គូពីមួយគ្រឿងជិះដោយស្ត្រីម្នាក់ស្របទិសគ្នា អកហ្សឺចាប់ហ្វ្រ័ងមិនទាន់ក៏បុកពីក្រោយពេញទំហឹង ដួលបោកនឹងថ្នល់បណ្ដាលឱ្យស្រ្តីម្នាក់រងរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានដឹកបញ្ជូនតាមឡំប្រឺតាយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯម៉ូតូទាំងពីរគ្រឿងខាងលេីរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿង យកមកដាក់អែបកៀនសិន ហើយឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយម្ចាស់ភាគីទាំងសងខាងសុំស្មើគ្នា យកម៉ូតូទៅជួសជុលខ្លួនឯងរៀងៗខ្លួន ៕ ដោយ៖ ភារ៉ា ដង្កោ