ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡេីងជោកជាំ បានបើករថយន្តស៊េរីទំនើបម៉ាកFORTUNER ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៥មករា ច្រកចូលផ្លូវក្រោមដីពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាស៥មករា ច្រកចូលផ្លូវក្រោមដី តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកFORTUNER ពណ៌សពាក់ស្លាកលេខភ្នំពេញ2AX-6266 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះបើកមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៥មករា ច្រកចូលផ្លូវក្រោមដីពេញទំហឹង បណ្ដាលឱ្យបង្កាន់ដៃស្ពានខូចខាតបន្តិចបន្តួច ចំណែកឯរថយន្តបង្កបានបើកថយក្រោយប្រមាណជាង៣០
ម៉ែត្រទេីបឈប់ ឃើញរងការខូចខាតមួយកំណាត់មុខ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំទាក់ទងទៅសមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ