ខេត្តបន្ទាយមានជ័យ៖ ពិតជាសោកស្តាយខ្លាំងណាស់ពេលឃើញកូនជាទីស្រឡាញ់ស្លាប់ ខណៈដែលខ្លួនបានជិះម៉ូតូចេញទៅទិញអីវ៉ាន់នៅផ្សារសិរីសោភ័ណនោះ កូនបានចេញពីផ្ទះទៅ លេងទឹកស្រះបណ្តាលឱ្យលង់ស្លាប់នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែ មករា ឆ្នាំ ២០២២ មានចម្ងាយប្រមាណជា ២០០ម៉ែត្រពីភូមិ នៅត្រង់ចំណុចខាង ត្បូងភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ។
ក្មេងរងគ្រោះឈ្មោះ ហួ ផារិន ភេទប្រុស អាយុ៧ឆ្នាំ មានម្តាយឈ្មោះ ហួ ឆវី អាយុ៣៥ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ។
នគរបាលមូលដ្ឋានបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុម្តាយក្មេងប្រុសរងគ្រោះ បានចេញពីផ្ទះជិះម៉ូតូទៅទិញទំនិញនៅផ្សារក្រុងសិរីសោភ័ណដើម្បីយកមកលក់បន្តនៅផ្ទះ។ ស្របពេលម្តាយចេញទៅបាត់ កូនប្រុសក៏ចេញពីផ្ទះ ដើរសំដៅទៅផ្ទះទឹក ហើយបានចុះលេង បណ្តាលឱ្យលង់ស្លាប់តែម្តង ។
ពេលម្តាយមកដល់ផ្ទះវិញបាត់កូនទើបផ្អើលឆោឡោដល់អ្នកស្រុកជួយដើររកក៏ប្រទះឃើញកូនស្លាប់នៅក្នុងទឹកស្រះ ហើយបានបីយកមកផ្ទះ រួចរាយការណ៍ ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យសព។
សមត្ថកិច្ចពេលធ្វើការពិនិត្យហើយបានសន្និដ្ឋានថា ក្មេងប្រុសនេះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ព្រោះគ្មានស្លាកស្នាមនៅលើដងខ្លួនសពឬពាក់ព័ន្ធករណីឃាតកម្មនោះទេ។ សមត្ថកិច្ចបានប្រគល់សពទៅឱ្យម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖វណ្ណា