ភ្នំពេញ ៖ នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បញ្ជាក់ប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ គឺ
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបន្តផ្ដល់ជំនួយម៉ាសជាង៣.២លាន និងសម្ភារៈយុទ្ធសាស្ត្រជាច្រើនទៀត ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅក្នុងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសសមាជិកអាស៊ានមួយនេះ នៅថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២។
សូមបញ្ជាក់ផងដែរថា, លោកស្រី យក់ សម្បត្តិ ប្រាប់ថា, ជំនួយរបស់កម្ពុជាលើកទី៣នេះរួមមានដូចតទៅ៖
-ម៉ាស ចំនួន៣លាន
-ម៉ាស់ N95 ចំនួន២សែន
– វែនតាការពារ ចំនួន១សែន
-សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន
-របាំងការពារមុខ ចំនួន៣ម៉ឺន
– ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់
-ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង
-ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០ គ្រឿង
-ម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿង
សូមជម្រាបជូនថា, នេះមិនមែនជាលើកទី ដែលកម្ពុជាផ្តល់ជូនរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ានោទេ សម្រាបើពេលនេះ ជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខណៈដែលប្រទេសនេះ កំពុងមានវិបត្តិនយោបាយ និងជួបភាពវឹកវរ ក្រោយមានរដ្ឋប្រហារទម្លាក់លោកស្រី អោង សានស៊ូជីចេញពីតំណែង កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក ។ ហើយរាជរដ្ឋាភិបាលកម្ពុជា បានជួយជាបន្តបន្ទាប់ដល់ប្រទេសជាមិត្តជិតខាង ក្នុងតំបន់អាស៊ាន។
បើតាមការបញ្ជាក់ពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ជំនួយលើកទី១ បានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖ ម៉ាសជាង ២លាន និងបរិក្ខារពេទ្យមួយចំនួនទៀត។ ជំនួយលើកទី២ ត្រូវបានផ្តល់ទៅមីយ៉ាន់ម៉ានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ រួមមាន៖ ថវិកា ២០ម៉ឺនដុល្លារ និងបរិក្ខារពេទ្យមួយចំនួនទៀត រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដាំរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិតចំនួន ២០គ្រឿង។
កាលពីខែសីហា ឆ្នាំ២០២១នោះ កាកបាទក្រហមកម្ពុជា ក៏បានផ្តល់ថវិកា ១០ម៉ឺនដុល្លារទៅកាន់កាកបាទក្រហមមីយ៉ាន់ម៉ាផងដែរ។
សូមបញ្ជាក់ដែរថា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវអមដំណើរដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រី ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតផងដែរ។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមាន ជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរ ទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕
ដោយ : សុខ ខេមរា