ភ្នំពេញ៖ ទីតាំងមជ្ឈមណ្ឌលកែសម្ផស្សយីហោ”ផ្ការំដួល” ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់បឹងកក់ ផ្លូវលេខ R8 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានកម្លាំងគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យ និងឃាត់ខ្លួនគ្រូពេទ្យនិងជំនួយការទាំង៤នាក់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដោយតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលបានមកកែសម្ផស្សកន្លងមក ហើយមជ្ឈមណ្ឌលកែសម្ផស្សនេះ គ្មានការទទួលខុសត្រូវ។
បេីយោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឱ្យដឹងថា នៅក្នុងការចុះឃាត់ខ្លួននេះ ក៏ឃើញមានវត្តមាន មេធាវីជាច្រើនរូប ចុះមកដល់ទីតាំងបង្ក្រាប និងត្រួតពិនិត្យ ដើម្បីធានាខ្លួនបុគ្គលិកទាំងអស់នៅក្នុងទីតាំង មជ្ឈមណ្ឌលកែសម្ផស្ស យីហោ ផ្ការំដួល ដោយមានការមិនឯកភាពគ្នា ទើបពន្យារពេលក្នុងការបន្តនីតិវិធី។ រហូតដល់វេលាម៉ោង០៧យប់ថ្ងៃដដែល ទើបមានការសម្របសម្រួលគ្នា រវាងកម្លាំងនគរបាលគណៈកម្មាធិការ ប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ និងមេធាវី ដោយឃាត់ខ្លួនតែមនុស្សប្រុសស្រីចំនួន០៤នាក់(ប្រុស០២នាក់) ប៉ុណ្ណោះដែលជា ពេទ្យនិងជំនួយការ ដើម្បីបញ្ជូនខ្លួនទៅក្រសួងមហាផ្ទៃធ្វើការសាកសួរ។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះដែរ ចំពោះបុគ្គលិកនារីៗជាង១០នាក់បន្ថែមទៀត ត្រូវបានក្រុមមេធាវីធ្វើការធានាខ្លួនឲ្យស្នាក់នៅទីតាំងមជ្ឈមណ្ឌលកែសម្ផស្ស យីហោ “ផ្ការំដួល” ជាបណ្ដោះអាសន្នដើម្បីបន្តនីតិវិធី៕
ដោយ៖ស តារា