ភ្នំពេញ : បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេច ស្ដីពីគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ។
សូមបញ្ជាក់ថា, នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ហ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង កម្មវិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្ដីសម្រេច ស្ដីពីគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋានគរបាលជាតិ, ធនាគារជាតិនៃកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធសរុបប្រមាណចំនួន៩០រូប ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលាប្រជុំសណ្ឋាគារសុខាភ្នំពេញ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីផ្សព្វផ្សាយនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីពង្រឹងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ របស់ប្រទេសកម្ពុជា ដែលក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តលើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ហ ក៏បានណែនាំបន្ថែមដល់ក្រុមការងារនៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យពង្រឹងស្មារតីសហប្រតិបត្តិការខ្ពស់ និងបំពេញភារកិច្ចក្នុងដែនសមត្ថកិច្ច និងការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពជាគន្លឹះមួយចំនួននៃការទប់ស្កាត់ ការបង្ការ និងការបង្ក្រាបបទល្មើសសម្អាតប្រាក់ និងបទល្មើសពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹងប្រព័ន្ធប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សំដៅរក្សាស្ថិរភាព និងសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុ
វត្ថុកម្ពុជា៕
ដោយ៖ សិលា