ភូមា៖ ទឹកក្ដៅសម្រាប់កម្ពុជាឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : បន្ទាប់ពីកម្ពុជាបានក្លាយជាប្រធានអាស៊ាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រទេសជាច្រើនកំពុងសម្លឹងមើលថាតើកម្ពុជាអាចធ្វើអ្វីបានខ្លះនៅក្នុងឆ្នាំ២០២២នេះ ជាពិសេសរឿងក្តៅគគុកពីរ៖ បញ្ហភូមា និងសមុទ្រចិនខាងត្បូង?

រឿងទាំងពីរនេះសុទ្ធតែជាទឹកក្តៅ (hot  water)។ ទឹកក្តៅប្រាកដជាក្តៅ ប៉ុន្តែទឹកក្តៅអាចជាប្រយោជន៍ច្រើនបែប។ ថ្មីីៗនេះ មានអត្ថបទវិភាគចំនួនបីសរសេរដោយបរទេស ស្តីពីតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន។ ក្នុងនោះមានការដាក់ចំណងជើងអត្ថបទខុសៗគ្នា ហើយខ្លះក៏សរសេរជាទំរង់សំណួរដូចជា “កម្ពុជា៖ ជាអ្នកនាំឱ្យខូចប្រយោជន៍ដល់អាស៊ាន ឬជាអ្នកសង្រ្គោះអាស៊ាន?”  (Cambodia: Asean’s spoiler or saviour?) រីឯអត្ថបទមួយទៀតដាក់ចំណងជើងថា “ការទូតប្រថុយប្រថានរបស់កម្ពុជានៅក្នុងជម្លោះភូមានឹងធ្វើឱ្យអាស៊ានឯកោ” (Cambodia’s “cowboy diplomacy’ in Myanmar isolates ASEAN) ។  

កម្ពុជាបានលូកទៅក្នុងជម្លោះផ្ទៃក្នុងដ៏ធ្ងន់ធ្ងរដែលកំពុងកើតឡើងនៅភូមា ដែលបានអូសបន្លាយរយៈពេលជិតមួយឆ្នាំមកហើយ ហើយដែលពុំមានប្រទេសណាមួយចូលជួយអន្តរាគមបាននៅឡើយរួមទាំងមហាអំណាចធំៗផង។ ការលូកចូលរបស់កម្ពុជាត្រូវបានមតិខាងក្រៅខ្លះលើកឡើងថា ដំណោះស្រាយនៅក្នុងប្រទេសភូមាមិនអាចទទួលបានជោគជ័យឡើយ បើគ្មានមហាអំណាចនៃប្រទេសពីរ “ចិននិងរុស្ស៊ីចូលរួម!”។ សម្រាប់កម្ពុជាវិញ លោកនាយករដ្្ឋមន្រ្តី ហ៊ុន សែន បានថ្លែងម្តងហើយម្តងទៀតថា សូមទុកពេលវេលាឱ្យកម្ពុជាធ្វើការបន្តិចសិនមុននឹងវាយតម្លៃ។ ត្រង់ចំណុចនេះ ពលរដ្ឋខ្មែរជាច្រើនបានយល់ឃើញថា ក្នុងតួនាទីជាប្រធានអាស៊ាន និងជាអ្នកធ្លាប់ឆ្លងកាត់នូវសង្រ្គាមផ្ទៃក្នុងប្រទេសរាប់ទសវត្សរ៍វាមិនចម្លែកពេកទេដែលកម្ពុជាអាចចែករំលែកបទពិសោធន៍ចរចាររកសន្តិភាពក្នុងបំណងដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះនៅប្រទេសភូមា។ ប៉ុន្តែចំងល់ជាទូទៅសួរថា កម្ពុជាជួយដោយវិធីណា? នរណាជាតួអង្អសំខាន់ (សម្តេច ហ៊ុន សែន ជាមួយ មីង អោងឡាំង? លោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ជាមួយរដ្ឋមន្រ្តីការបរទេសភូមាបច្ចុប្បន្ន លោក វូណា? (លោកទាំងពីរធ្លាប់ធ្វើជាប្រមុខទូតប្រចាំនៅប្រទេសបារាំងជំនាន់ជាមួយគ្នា) ឬមានតួអង្គផ្សេងទៀតដែលកម្ពុជាមិនទាន់បញ្ចេញ? 

កម្ពុជាប្រើការទូតអ្វី?

ក្នុងវិស័យការទូត ជាពិសេសការស្វែងរកការចរចារ គេតែងផ្តល់រហ័សនាមការទូតផ្សេងៗគ្នា ដូចជា៖ ការទូតប៉េងប៉ុង (Ping-pong Diplomacy); ការទូតឌីមសាំ (Dimsum Diplomacy); ការទូតដុល្លារ (Dollar Diplomacy); ការទូតប្រថុយប្រថាន (Cowboy Diplomacy); ការទូតដោយពឹងផ្អែកលើអន្តរការី (Shuttle Diplomacy) ជាដើម។ សម្រាប់កម្ពុជា មានអតីតអ្នកការទូតខ្មែរសម័យលោក អេង រ៉ូឡង់ បានប្រើ “ការទូតនំបញ្ចុក” (Noodle Diplomacy) ប៉ុន្តែនៅពេលនេះខ្ញុំពុំទាន់បានឮ សម្តេច ហ៊ុន សែន បង្ហើបនៅឡើយទេថាកម្ពុជានឹងប្រើឈ្មោះការទូតអ្វីក្នុងបរិបទទៅកាន់ភូមា ប៉ុន្តែខ្ញុំសូមសាកល្បងប្រើពាក្យថា “ការទូតឈ្ន្ះឈ្នះ” (Win-win diplomacy) ដែលជាពាក្យពេញនិយមរបស់ថ្នាក់ដឹកនាំកម្ពុជានៅក្នុងសម័យតេជោ បើទោះបីជាគ្មាននរណាម្នាក់ហ៊ានអះអាងថានឹងបាន “ឈ្ន្ះឈ្នះ” ឬជោគជ័យ មែនឬយ៉ាងណានោះ។ យ៉ាងណាក៏ដោយ ចាប់តាំងពីមុនពេលកម្ពុជាក្លាយជាប្រធានអាស៊ាននៅថ្ងៃ១ ខែមករា ឆ្នាំ២០២២ កម្ពុជាបានធ្វើការទូតជាច្រើនទាំងចំហនិងមិនចំហជាមួយបណ្តាប្រទេសក្នុងក្របខណ្ឌអាស៊ាន ក្របខណ្ឌតំបន់ដែលរួមមានជប៉ុន និងចិន និងធ្លាយទៅដល់បញ្ចឹមប្រទេសឯណោះ។ 

នរណាខ្លះអមដំណើរជាមួយនាយករដ្ឋមន្រី្ត?

សម្រាប់ទស្សនៈកិច្ចនៅថ្ងៃស្អែកទៅកាន់ភូមា អ្វីដែលជាការកត់សម្គាល់គឺប្រតិភូអមដំណើរដែលបានបញ្ចូលតួអង្គ លោក ចម ប្រសិទ្ធ ដែលស្ទើរតែបាត់ឈ្មោះបោះសម្លេង (ទោះជាលោកនៅជារដ្ឋមន្រ្តីឧស្សាហកម្មក៏ដោយ)។ លោកជាអតីតជំនួយការដ៏ជំនិតបំផុតមួយរូបរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាំងពីទសវត្សរ៍៨០ ហើយក៏ជាអ្នកធ្វើកំណត់ត្រាដ៏ល្អទាក់ទងទៅនឹងកិច្ចប្រជុំជាច្រើនដើម្បីស្វែងរកសន្តិភាពនៅកម្ពុជា។ រីឯការកត់សម្គាល់ទី២៖ ក្នុងចំណោមកូនប្រុស៣រូប កូនប្រុសច្បងនិងកូនប្រុសពៅ (លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី) នឹងអមដំណើរទៅជាមួយឪពុកក្នុងនាមជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងក្នុងនាមជាប្រធានកម្មការមួយរបស់រដ្ឋសភា)។ ទី៣៖ ការនាំទៅជាមួយនូវសម្ភារៈនិងបរិក្ខាពេទ្យជាច្រើនដែលជាជំនួយក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

ទំនាក់ទំនងកម្ពុជានិងភូមា? 

កាលពីខែមេសាឆ្នាំ២០២១ នៅឯកិច្ចប្រជុំកំពូលអាសា៊ននៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី គេសង្កេតឃើញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការសំណេះសំណាលយ៉ាងសិទ្ធស្នាលជាមួយមេដឹកនាំយោធាភូមា លោក មីង អោងឡាំង។ ការជួបគ្នានៅពេលនោះ និងជាបន្តបន្ទាប់មកទៀតតាមទម្រង់និងកម្រិតផ្សេងៗគ្នា ប្រហែលជាទំពក់មិនសាមញ្ញពេកទេ ទម្រាំមានការប្រកាសជាផ្លូវការពីឆន្ទៈរបស់កម្ពុជាក្នុងការជួយរកដំណោះស្រាយនៅភូមា។

បញ្ហានៅភូមា៖

ភាពចលាចលនៅភូមាបានចាប់ផ្តើមបន្ទាប់ពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលយោធារបស់ប្រទេសនេះបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយលោកស្រី Aung Sann Suu Kyi។ មនុស្សប្រហែល១ម៉ឺនបួនពាន់នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ ហើយប្រហែល១ម៉ឺន១ពាន់នាក់ទៀតត្រូវបានចាប់ខ្លួនក្នុង

រយៈពេល១១ខែចុងក្រោយនេះ។

ហេតុអ្វីកម្ពុជាត្រូវយកចិត្តទុកដាក់រឿងភូមាខ្លាំងម្លេះ?

វាមិនសាមញ្ញពេកទេនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានសម្រាប់រយៈពេលមួយឆ្នាំពេញ ហើយដែលមានប្រទេសមួយមិនអាចចូលរួមប្រជុំបាន ដែលនោះគឺជាភាពអាម៉ាស់មួយរបស់កម្ពុជា ឬក៏របស់អាស៊ានទាំងមូល។ កាលពីថ្ងៃអង្គារ ទី៤ មករាកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបតាមទូរសព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ដែលពេលនោះលោកបានគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ប៉ុន្តែ លោក Joko ក៏បានរំលឹកឡើងវិញនូវជំហររបស់ឥណ្ឌូនេស៊ីយ៉ាងច្បាស់អំពីសារៈសំខាន់នៃការអនុវត្ត 5-Point Consensus ដើម្បីនាំយកលទ្ធិប្រជាធិបតេយ្យមកវិញនៅក្នុងប្រទេសភូមាតាមរយៈការសន្ទនាពីភាគីពាក់ព័ន្ធ។ លោក​ Joko ក៏បាន​បន្ថែម​ថា “ប្រសិន​បើ​មិន​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​លើ​ការ​អនុវត្តន៍កិច្ចព្រមព្រៀង៥ចំណុចទេ នៅឯ​កិច្ច​ប្រជុំ​អាស៊ាន ប្រទេស​ភូមាគួរ​តែ​កម្រិតតំណាង​អ្នកចូលរួមដែល​មិនមែនជាអ្នក​នយោបាយ ​”។ តំណាងប្រទេសភូមាដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដទៃទៀតបានក្លាយជាការគួរឲ្យព្រួយបារម្ភ ខណៈដែលភូមាខ្លួនឯងបានធ្វើពហិការកិច្ចប្រជុំចំនួនបីលើករួចមកហើយកាលពីចុងឆ្នាំ២០២១ ដោយសារតែអាស៊ាន៩ទៀតមិនសប្បាយចិត្តស្វាគមន៍មេដឹកនាំរបបយោធាភូមាលោក មីង អោងឡាំង ដែលបានសន្យាខ្យល់លើកិច្ចកិច្ចព្រមព្រៀង៥ចំណុច៖ បញ្ឈប់ជាបន្ទាន់នៃអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា; ២.សន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ; ៣.សម្របសម្រួលដោយបេសកជននៃប្រធានអាស៊ាន ដោយមានជំនួយពីអគ្គលេខាធិការ; ៤. ជំនួយមនុស្សធម៌ដែលផ្តល់ដោយមជ្ឈមណ្ឌល AHA របស់អាស៊ាន; និងទី៥. ដំណើរទស្សនកិច្ចរបស់បេសកជនពិសេស និងគណៈប្រតិភូទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបភាគីពាក់ព័ន្ធទាំងអស់។

តាមការប្រមើលមើលរបស់ខ្ញុំ កម្ពុជាហាក់ដូចជាបានរៀបសំណាញ់ក្រឡាល្អិតរហូតដល់បីជាន់សម្រាប់កិច្ចការទូតជាមួយភូមា (នាយករដ្ឋមន្រ្តី; ឧបនារយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស; និងទេសរដ្ឋមន្រ្តី) នេះមិនទាន់គិតដល់កម្រិត ដែលនៅពីក្រោយឆាកផង រីឯកាលបរិច្ឆេតវិញ ហេតុអ្វីបានជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រើសយកថ្ងៃ៧ មករា ជាថ្ងៃចេញដំណើរ ឬដោយសារហេតុផលមួយនេះហើយដែលអត្ថបទព័ត៌មានបរទេសមួយបានដាក់ចំណងជើងថា “កម្ពុជា៖ ជាអ្នកនាំឱ្យខូចប្រយោជន៍ដល់អាស៊ាន ឬជាអ្នកសង្រ្គោះអាស៊ាន?” (Cambodia: Asean’s spoiler or saviour?) ៕

ដោយ : ពុយ គា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print