ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនខេត្តបាត់ដំបង កាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២២ បានបញ្ជូនបុរសម្ម្នាក់ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈលើនារីម្នាក់ដែលកំពុងសម្រាកនៅកន្លែងធ្វើការ តែមិនបានសម្រេច ។
មន្រ្តីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនខេត្តបាត់ដំបង បានឲ្យដឹងថា ករណីនេះកើតឡើងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០០និង១៦នាទី រំលងអធ្រាតឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី១ ភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ជនសង្ស័យឈ្មោះ សុន វិសាល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពយកទួណែវីសមួលវីសជញ្ជាំងកុងផ្លាកេរួចយកដៃឆ្កឹះគន្លឹះទ្វារចូលទៅក្នុងបន្ទប់ប៉ុនប៉ងរំលោភនារីម្នាក់ឈ្មោះ ឈ.វ.ម អាយុ២២ឆ្នាំ មានទីលំនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (បច្ចុប្បន្នស្នាក់នៅធ្វើការកន្លែងកើតហេតុខាងលើ)។ សកម្មភាពរបស់ជនសង្ស័យខាងលើនេះបានធ្វើឲ្យជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ក៏ស្រែកឆោឡោឲ្យគេជួយ។ដោយមានការភ្ញាក់ផ្អើលយ៉ាងនេះ ជនសង្ស័យខាងលើបានចូលទៅដេកក្នុងបន្ទប់របស់ខ្លួនវិញ ។
ប្រភពដដែលបានឲ្យដឹងទៀតថា
បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងមោងឫស្សីបានចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាមានបំណងធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភទៅលើជនរងគ្រោះប្រាកដមែន តែមិនបានសម្រេច ៕