សហរដ្ឋអាមេរិក៖ ពិតជាកោតសរសើរខ្លាំងអំពីការខិតខំប្រឹងប្រែងផលិតផបទចម្រៀង និងច្រៀងសំនៀងជាភាសាខ្មែរ ពីសំណាក់តារាចម្រៀងលោក Soup pha បើទោះបីជាលោកបានរស់នៅនិងធំធាត់នៅលើទឹកដីសហរដ្ឋអាមេរិកនោះក៏ដោយ។ បទចម្រៀងថ្មីដែលលោកទើបនឹងបញ្ចេញថ្មីៗនេះមានចំណងជើងថា”ស្នាមខាំ” ដែលជាបទចម្រៀងមនោសញ្ចេតនាស៊ីជំរៅជាភាសាខ្មែរ ។
តាមការស្តាប់អត្ថន័យនៅក្នុងបទចម្រៀងមួយនេះ គឺចង់បង្ហាញទំហំនៃការស្រលាញរបស់បុរសលើនារីម្នាក់ ដោយគេបានប្រើឃ្លាថា៖ “បើទោះបីអូនកាច ឆ្នាស់ ក៏អូននៅតែសំខាន់”។ Soup Pha បានផ្ចិតផ្ចង់ផលិតចម្រៀងនេះឡើង ដើម្បីផ្ញើជូនអ្នកគាំទ្ររបស់ខ្លួន ជាពិសេសកូនខ្មែរ ថៃ ឡាវទាំងអស់ដែលកំពុងរស់នៅតំបន់អាស៊ី និងរស់នៅសហរដ្ឋអាមេរិកទាំងអស់គ្នា។ ការបញ្ចេញនេះដែរត្រូវបានលោកបញ្ជាក់ថាជាចំណងដៃឆ្នាំថ្មីសម្រាប់ទស្សនិកជន ពិសេសក្រោយពីលោកត្រៀមខ្លួនទៅប្រទេសជប៉ុន ដើម្បីច្រៀងបទខ្មែរ ជប៉ុន និងអង់គ្លេសជាច្រើនបទ នៅទីនោះក្នុងឱកាសប្រគំតន្ដ្រីមិត្ដភាពកម្ពុជា-ជប៉ុន នាដើមខែឧសភា ឆ្នាំ២០២២នេះ។លោកថាថា រូបលោក និងបងប្រុសធំឈ្មោះ Khanongsak Phaiboon នឹងចូលរួមកម្មវិធីនេះ ហើយក៏ច្រៀងនៅលើឆាកតន្ដ្រីជាមួយគ្នានៅថ្ងៃទី៤ និងទី៥ ខែឧសភា នាទីក្រុងតូក្យូ។លោក បន្តថា ៖“អរគុណចំពោះឱកាសដ៏អស្ចារ្យនេះ ខ្ញុំនឹងសម្តែងចម្រៀងជាភាសាអង់គ្លេស ខ្មែរ ជប៉ុន…ខ្ញុំត្រេកអរ និងអន្ទះសាចង់ទៅសម្ដែងនៅទីនោះណាស់”។គេនៅមិនទាន់បានដឹងអំពីចំណងជើង ឬចំនួនបទចម្រៀងខ្មែរដែលលោកនឹងលើកយកទៅច្រៀងនៅប្រទេសជប៉ុននោះទេ។ ប៉ុន្ដែគេសង្កេតឃើញថាតារាចម្រៀងរូបនេះ តែងតែនិពន្ធ និងច្រៀងដោយខ្លួនឯងនូវបទចម្រៀងខ្មែរថ្មីៗ ជាមួយនឹងទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់លោកផងដែរ៕
ដោយ វឌ្ឍនា