ខេត្តកំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសៅរ៍ទី០៨ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងនូវការអបអរសាទរ និងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ជាពិសេសអ្នកឃុំត្រពាំងគង ដែលបានខិតខំប្រឹងប្រែងប្រកបរបរទទួលទាន រហូតធ្វើឱ្យឃុំនេះទាំងមូលមិនមានផ្ទះស្បូវសូម្បីតែមួយ។
បើតាមរបាយការណ៍របស់លោកមេឃុំ បានបញ្ជាក់ថា ឃុំត្រពាំងគងមាន ផ្ទះថ្មចំនួន៧៦៨ខ្នងឈើប្រក់ក្បឿងចំនួន១៤០១ខ្នង ផ្ទះឈើប្រក់ហ្វីប្រូស៊ីម៉ង់៦៨០ខ្នង ផ្ទះប្រក់ស័ង្កសី ចំនួន១០៨៣ខ្នង មានបុរី ០៨កន្លែង និងភូមគ្រឹះចំនួន០៤។
ដោយឡែកទូទាំងឃុំ មានសិប្បកម្មផលិតឥដ្ឋស៊ីម៉ង់ត៍ចំនួន០៣កន្លែង មានម៉ាស៊ីនកិនស្រូវចំនួន១៥(ជាលក្ខណៈគ្រួសារ) ម៉ាស៊ីនបោកស្រូវចំនួន២០គ្រឿង ម៉ាស៊ីនច្រូតចំនួន០១គ្រឿង ម៉ាស៊ីនបូមទឹកចំនួន៤៧៤ មានរថយន្តសរុបចំនួន ៣៧៥គ្រឿង មានគោយន្ត១៨៥គ្រឿង មានម៉ូតូ៤២០៥ គ្រឿង កង់២៤២៨គ្រឿង រ៉ឺម៉ក២២០គ្រឿង និង មានម៉ាញ៉េចំនួន ៥១៨គ្រឿងទូរទស្សន៍៤៨០៩គ្រឿង ទូរស័ព្ទដៃ ៩០៦០គ្រឿង នេះគឺជាផ្លែផ្កាដែលបានមកពីម្លប់នៃសន្តិភាពដែលរកបានដោយកម្រ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ លោក វ៉ី សំណាង ក៏សូមឱ្យពុកម៉ែ មាមីង បងប្អូនមេត្តាបន្តនៃការខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិភាពឲ្យបានគង់វង្សជាបន្តទៅទៀត។ សូមអរគុណ!៕
ដោយ៖សហការី