ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២។
ចំពោះសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដ៏មានអត្ថន័យ នៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ សូមសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ដែលកំពុងអបអរសាទរការបើកបវេសន កាលឆ្នាំសិក្សាថ្មី នៅទូទាំងកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដ៏ស្មោះ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មាតាបិតា អ្នកអាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីសាមគ្គីភាព ភក្តីភាព និងមុះមុត ក្នុងការឧបត្ថម្ភគាំទ្រ និងធានាផ្តល់នូវការរៀនសូត្រ តាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។
ថ្លែងក្នុងឱកាសបើកបវេសនការឆ្នាំសិក្សា ២០២១-២០២២ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ បានលើកឡើងថា ការបើកបវេសនកាលនាថ្ងៃនេះគឺជាលទ្ធផលនៃការតស៊ូប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាច្រើនខែដោយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការកសាងភាពរឹងមាំនិងវិលត្រលប់មកភាពប្រក្រតីភាពថ្មីវិញ។ ក្នុងការសម្រេចនូវការបើកបវេសនកាលឡើងវិញនេះ សម្ដេចបានជំរុញដល់ក្រសួងអប់រំ យុវជន និងកីឡា គិតគូរអំពីជម្រើសនិងអភិវឌ្ឍនធនធានបង្រៀននិងរៀនឱ្យបានច្រើនសម្បូរបែបដើម្បីធានាផ្តល់សេវាអប់រំ ដែលមានភាពឆ្លើយតបនិងរស់រវើក ជាពិសេសដំណើរការបង្រៀននិងរៀនដែលមានភាពទន់ភ្លន់ និងតាមទម្រង់នៃវិមជ្ឈការនិងវិសហមជ្ឈការនៃសេវាអប់រំ ជាពិសេសគឺត្រូវផ្ដោតការយកចិត្តទុកដាក់លើការអប់រំឆ្លើយតបទៅនឹងទីផ្សារការងារដោយអនុវត្តវិធីសាស្ត្រថ្មីៗ និងជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល។
បន្ថែមលើពីនេះសម្ដេចក៏បានណែនាំដល់ក្រសួង ឱ្យគិតគូរពីការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បន្ថែមទៀត ខណៈគ្រឹះស្ថានសិក្សាទាំងអស់ត្រូវលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ១៩ ការយល់ដឹងដល់សិស្សានុសិស្ស ជាពិសេសត្រូវមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា។
ជាមួយគ្នានេះផងដែរ គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ កន្លែង លាង និងសួនធម្មជាតិ ។ល។ ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ។ ជាមួយគ្នានេះគ្រឹះស្ថានសិក្សាត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាព ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា ក្នុងករណីមានប្រធានស័ក្តិកើតឡើង ដូចជាអាកាសធាតុក្តៅហួតហែង ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរាតត្បាតនៃជំងឺនានាផងដែរ។
សម្ដេចតេជោ ក៏បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធ មាតាបិតា លោកគ្រូ អ្នកគ្រូ និងគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមគាំទ្រដល់ការសិក្សារៀនសូត្ររបស់សិស្សានុសិស្ស ដើម្បីជំរុញធនធានមនុស្សរបស់ជាតិឱ្យមានសក្ដានុពលខ្លាំងក្លា។
សម្ដេចតេជោបានផ្ដាំផ្ញើដល់សិស្សានុសិស្សផងដែរថា៖ «សូមក្មួយៗ សិស្សានុសិស្ស យុវជន យុវនារីទាំងអស់ បន្តខិតខំរៀនសូត្រនិងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រាក់សម្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ»។
គួររំលឹកផងដែរថា ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ដល់សិស្សានុសិស្សរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបិទសាលារៀនទូទាំងកាលពីខែមីនា ឆ្នាំ២០២០ ដោយងាកមក រកការសិក្សាតាមប្រព័ន្ធឌីជីថល និងអនឡាញវិញ។ ទោះជាយ៉ាងណាដោយសារយុទ្ធនាការចាក់វ៉ាក់សាំងដល់ពលរដ្ឋគោលដៅ និងកុមារបានជោគជ័យជាបន្តបន្ទាប់ហើយកម្ពុជាបានបើកប្រទេសទាំងស្រុងកាលពីថ្ងៃទី១ ខែវិច្ឆិកាកន្លងទៅ និងបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈកាលពីថ្ងៃទី២០ ខែធ្នូ ទើបធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធភាពក្នុងការបើកបវេសនកាលឆ្នាំសិស្សាថ្មីនេះឡើងវិញ។
គិតរហូតមកដល់ពេលនេះកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានអាយុ១៨ឆ្នាំ ឡើងទៅបាន ១០១,៦២% អាយុ ១២-ក្រោម១៨ឆ្នាំ បាន៩៩.១៨% និងអាយុ ០៦-ក្រោម១២ឆ្នាំ បាន១០៥.៣៧%៕ដោយ៖ស តារា
សូមអានព័ត៍មានលម្អិតនៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទាំងស្រុងមានដូចខាងក្រោម៖
...