គ្រោះអគ្គិភ័យដ៏ខ្លាំងក្លាមួយបានឆាបឆេះនៅក្នុងអគារខុនដូដែលមានកម្ពស់ច្រើនជាន់ ស្ថិតនៅក្នុងស្រុក Bronx នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សស្លាប់និងរបួសជាង៨០នាក់ ។ គ្រោះអគ្គិភ័យនេះកើតឡើងនៅជាន់ទីបីនៃអគារខុនដូ ។ បណ្តាញព័ត៌មាន ABC News បានផ្សាយថា ក្រុមពន្លត់អគ្គិភ័យជាង២០០នាក់បានទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានភាព នៅព្រឹកថ្ងៃទី៩ខែមករា (ពេលវេលានៅអាមេរិក)។ អគ្គិភ័យឆាបឆេះចេញពីជាន់ (duplex) ក្នុងជាន់ទី៣ នៃអគារ Tremont ស្ថិតនៅក្នុងស្រុក Bronx ក្នុងទីក្រុងញូវយ៉ក។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងសហរដ្ឋអាមេរិកបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១៩នាក់ ក្នុងនោះមានកុមារ៩នាក់ផងបានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស ។ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ពួកគេបានឃើញ និងបានឮសំឡេងអ្នកកំពុងជាប់នៅក្នុងអគារអាផាតធឺមិន ស្រែកហៅឱ្យគេជួយចេញពីបង្អួចនៅពេលភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលអាជ្ញាធរអះអាងជាបឋមថាបង្កឡើងដោយឧបករណ៍កម្ដៅអេឡិចត្រូនិកមួយគ្រឿង៕ ដោយសាធី
រូបថត៖CNN.