ខេត្តកណ្ដាល៖ បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យល័យ ហ៊ុន សែន សេរីភាព។ ពិធីនេះដែរមានការអញ្ជើញពីលោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនអ្នក។
មានប្រសាសន៍ក្នុងពិធីបើកបវសនកាលឆ្នាំសិក្សាថ្មី លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អបអរសាទរ និងសោមនស្សរីករាយក្រៃលែង ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ក្មួយៗសិស្សានុសិស្ស ទាំងអស់គ្រប់ភូមិសិក្សា ដែលកំពុងអបអរសាទរការបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅទូទាំងខេត្តកណ្ដាល។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មាតាបិតា អាណាព្យាបាល សប្បុរសជន គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សា ជាពិសេសលោកគ្រូ អ្នកគ្រូ ដែលបានពុះពារឧបសគ្គគ្រប់បែបយ៉ាងប្រកបដោយស្មារតីសាមគ្គីភាព ភក្តីភាព និងមុះមុត ក្នុងការឧបត្ថម្ភគាំទ្រ និងធានាផ្ដល់នូវការរៀនសូត្រតាមគ្រប់រូបភាពដល់សិស្សានុសិស្ស ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំកន្លងមកនេះ។
លោកអភិបាលខេត្ត បន្តថាថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃចូលរៀន ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស នៅក្នុង “គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ”។
លោកអភិបាលខេត្ត បានស្នើដល់ មន្ទីរអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងអនុវត្តនូវទស្សនាទានថ្មី “គន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ (ដោយសូមគិតគូរអំពីជម្រើស និងអភិវឌ្ឍធនធានបង្រៀន និងរៀនឱ្យបានច្រើន សម្បូរបែប ដើម្បីធានាផ្តល់សេវាអប់រំ ដែលមានភាពឆ្លើយតប និងរស់រវើក ជាពិសេសដំណើរការ បង្រៀន និងរៀនដែលមានភាពទន់ភ្លន់ និងតាមទម្រង់នៃវិមជ្ឈការ និងវិសហមជ្ឈការនៃសេវាអប់រំ។ ជាងនេះទៀត គ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពអនាម័យក្នុងបរិបទកូវីដ-១៩ ដោយអនុវត្ត តាមអភិក្រម“៣កុំ ៣ការពារ” ជាពិសេសសូមមានវិធានការឆ្លើយតបនិងចូលរួមទប់ស្កាត់ភ្លាមៗ ដើម្បីការពារកុំឱ្យមានការឆ្លងកូវីដ-១៩ នៅក្នុងគ្រឹះស្ថានសិក្សា រួមទាំងបង្កើនការអប់រំអំពី សុវត្ថិភាពសុខភាពសិក្សា ការរក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងត្រូវយកចិត្តទុកដាក់ក្នុងការគាំទ្រសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់ សិស្សានុសិស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬប្រយោលពីជំងឺកូវីដ-១៩៕
ដោយ : សិលា