លោក សាយ សំអាល់៖ អប់រំជាឈ្នាន់យុទ្ធសាស្រ្តក្នុងការកសាងធនធានមនុស្សនិងរំលេចនូវទេពកោសល្យ ដែលអាចចូលរួមកសាងសេដ្ឋកិច្ចខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ នៅវិទ្យាល័យហ៊ុន សែន វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថាអប់រំជាឈ្នាន់យុទ្ធសាស្រ្តក្នុងការកសាងធនធានមនុស្សនិងរំលេចនូវទេពកោសល្យ របស់បុគ្គលម្នាក់ៗ ដែលអាចចូលរួមកសាងសេដ្ឋកិច្ច និងធានាការទាញប្រយោជន៍ពីការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ។

តាមរយះនេះ លោករដ្ឋមន្រ្តី លើកឡើងពីការគាំទ្ររបស់ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុឲ្យក្លាយជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលជាសក្តានុពលយ៉ាងសំខាន់របស់ប្រទេសកម្ពុជា និងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឲ្យស្ថាប័នមន្ទីរ អង្គភាព អាជ្ញាធរដែនដី សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ និងចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធរូបវន្ត កន្លែងលែងកីឡា ការថែរក្សាអនាម័យ និងបរិស្ថាន និងការគាំទ្រផ្សេងទៀត តាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមពីដៃគូ ដើម្បីអភិវឌ្ឍន៍សាលារៀន និងបង្កើនធនធានមនុស្សឆ្ពោះទៅកាន់អនាគត។ ជាពិសេសដំណើរការបង្រៀន និងរៀន មានភាពទន់ភ្លន់ អាស្រ័យទៅតាមទីតាំងភូមិសាស្ត្រ និងស្ថានភាពអប់រំ ឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្ររៀន និងបង្រៀន តាមបែបបច្ចេកវិទ្យាទំនើប។

សូមបញ្ជាក់ថា លោក សាយ សំអាល់ បានអញ្ជើញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅខេត្តព្រះសីហនុ រួមដំណើរដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ លោកស្រី ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ តំណាងរាស្រ្ត ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដៃគូអភិវឌ្ឍន៏ សហគមន៏ បុគ្គលិកអប់រំ និងសិស្សានុសិស្សប្រមាណជាច្រើននាក់ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ លោកក៏បានអញ្ជើញផ្តល់ឧបករណ៍គ្រប់គ្រងអនាម័យ ដែលផ្តល់ជូនដោយមូលនិធិព្រីនស៍ និងអង្គការផ្លែនអន្តរជាតិ ព្រមទាំងផ្តល់ជូនថវិកា និងសម្ភារៈសិក្សាដល់គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងសិសិស្សានុសិស្ស និងមាតាបិតាសិស្សដែលបានចូលរួមផងដែរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print