ខេត្តស្វាយរៀង៖ យ៉ាងហោចមានមនុស្សម្នាក់ស្លាប់និងរងរបួសធ្ងន់ស្រាលចំនួន ៥៧នាក់បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៦ថ្ងៃគិតចាប់ពីថ្ងៃទី១២-១៣-១៤-១៥-១៦-១៧ ខែមេសា ឆ្នាំ២០១៦។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ការគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនគឺនៅក្នុងថ្ងៃទី១២-១៣ ខែមេសាដោយមានកម្មករកម្មការនី និងអ្នករស់នៅរាជធានីភ្នំពេញ និងខេត្តនានាដែលមានដើមកំណើតនៅខេត្តស្វាយរៀងបានធ្វើដំណើរមកកាន់ស្រុកកំណើតនិងប្រជាពលរដ្ឋធ្វើដំណើរមកផ្សារទិញអីវ៉ាន់ទៅរៀបចំទទួលទេវតានិងបន្លែត្រីសាច់នុំចំណីសម្រាប់ផ្គត់ផ្គង់ក្នុងពេលចូលឆ្នាំបីថ្ងៃគឺជួបគ្រោះថ្នាក់ចរាចរណ៍ច្រើន។រីឯថ្ងៃចូលឆ្នាំចាប់ពីថ្ងៃទី១៤-១៥-១៦-១៧ គឺគ្រោះថ្នាក់ចរាចរណ៍តិចតួចប៉ុណ្ណោះ។
ទាក់ទិនករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរលោកវរសេនីយ៍ទោ អ៊ុច សារ៉ន នាយការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្តមានចំនួន៤លើក បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់៦នាក់ ស្រាល៥នាក់ (សរុបមនុស្សរងគ្រោះ១២នាក់) បើប្រៀបធៀបទៅឆ្នាំ២០១៥ រយៈពេលដូចគ្នាគឺថយចុះមួយលើក (គឺ៤លើ៥លើក) មនុស្សស្លាប់ម្នាក់ដូចគ្នាខូចខាតរថយន្តតូច២គ្រឿង ម៉ូតូ៤គ្រឿង មូលហេតុបើកបរក្នុងស្ថានភាពស្រវឹងមួយ ករណីមិនគោរពសិទ្ធិអត្តភាព៣ករណី ។
លោក អ៊ុច សារ៉ន បន្តទៀតថា ក្នុងខែមេសា ឆ្នាំ២០១៦នេះ លោកឧត្តមសេនិយ៍ត្រី កឹង ឃន ស្នងការនៃស្នងការដ្ឋាននគបាលខេត្តបានរៀបចំកម្លាំងចុះអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដាក់កម្លាំងត្រួតពិនិត្យទូទាំងខេត្តចំនួន៣៦គោលដៅ ក្នុងនោះពេលយប់មានដាក់កម្លាំងត្រួតពិនិត្យជាតិអាកុលចំនួន១០កន្លែង ដើម្បីរឹតបន្តឹងច្បាប់ចារាចរណ៍ និងដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្នែរ។
ក្នុងឆ្នាំ២០១៦នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ហើយពិនិត្យជាតិអាកុលរយៈពេល៤ថ្ងៃក្នុងពេលបុណ្យចូលឆ្នាំ មានជាតិអាកុលចំនួន១៥លើកប៉ុណ្ណោះ។ លោកបន្តទៀតថា នៅថ្ងៃទី១៣ ខែមេសា វេលាម៉ោង៤និង១៦នាទីរសៀលនៅលើកំណាត់ផ្លូវជាតិលេខ៣១៥ ស្ថិតនៅភូមិសួនថ្មី សង្តាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង មានគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តម៉ាក CRV ពាក់ស្លាកលេខកណ្តាល 2A-4088 ពណ័សំបកឪឡឹក បើកបរដោយឈ្មោះ សោម សំណាង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ទៅបុកម៉តូស្រ្តីរងគ្រោះពីក្រោយបណ្តាលឲ្យស្រ្តីម្នាក់ឈ្មោះ មាឃ សារឿន អាយុ៥៧ឆ្នាំ នៅភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង រងរបួសបែកក្បាលស្លាប់នៅនិងកន្លែងនិងចៅស្រីអ្នកឌុបឈ្មោះទេព រឿយ អាយុ១៩ឆ្នាំ របួសធ្ងន់ និងចៅស្រីជិះពីក្រោយម្នាក់ទៀតរបួសស្រាល។
បើតាមរបាយការណ៍របស់លោកវេជ្ជបណ្ឌិត ចាន់ ដារ៉ា នាយកមន្ទីរពេទ្យខេត្តស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរគិតចាប់ពីថ្ងៃទី១២ ខែមេសាដល់ថ្ងៃទី១៧ ខែមេសាឆ្នាំ២០១៦ មានជនរងគ្រោះបញ្ជូនមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តសរុប ៧៤នាក់ ស្រី២១នាក់ ក្នុងនោះមកពីខេត្តព្រៃវែង១៦នាក់ស្រី៣នាក់ និងជនរងគ្រោះក្នុងខេត្តស្វាយរៀងចំនួន៥៨នាក់ ស្រី១៨នាក់៕
ដោយ៖ យឹម សុថាន