ភ្នំពេញ ៖ ប្ដីកំណាចម្នាក់ដែលបានជះទឹកអាសុីតដាក់ប្រពន្ធបណ្ដាលឱ្យរលេះរលួយពេញផ្ទៃមុខដោយសារតែភ្លើងប្រចណ្ឌនោះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ « ទារុណកម្មនិងអំពើឃោរឃៅដោយប្រើទឹកអាសុីតខ្លាំង » ។
ជនជាប់ចោទជាប្ដីកំណាចឈ្មោះ ហេង ចាន់ឌី អាយុ៤៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅភូមិ២ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ តាមអង្គហេតុនៃរឿង គឺជននេះបានចុះចោលប្រពន្ធទៅមានស្រីថ្មីរយៈពេល៥ឆ្នាំមកហើយ។ បន្ទាប់មកបានមកសុំរួមរស់ ជាមួយប្រពន្ធវិញ ប៉ុន្តែប្រពន្ធមិនព្រមទើបធ្វើឲ្យមានអំពើឃោរឃៅកើតឡើង ។ដោយនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ខណៈដែលជនរងគ្រោះ ឈ្មោះ លី រ៉ានី ដើរចេញពីយាមរោងចក្រទៅក្បែរជណ្ដើរផ្ទះជួលដែលគាត់ស្នាក់នៅ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្ដីនោះក៏បានធ្វើសកម្មភាពជះទឹកអាសុីតដាក់បណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរពេញផ្ទៃមុខនិងខ្លួនប្រាណ ។
ក្រោយមកសមត្ថកិច្ចបានតាមទៅចាប់ខ្លួនជនកំណាចនោះដល់ខេត្តកំពង់ចាមដាក់ឃុំខ្លួនរហូតមកដល់ថ្ងៃទី ២៨ធ្នូ ឆ្នាំ២០២១ទើបបើកសវនាការកាត់ទោស និងប្រកាសសាលក្រមផ្ដន្ទាទោសនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ ៕ ដោយ រ៉ារ៉ា