Update, អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបប្រជុំជាមួយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន សំដៅជំរុញដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា,លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ បានជួបប្រជុំជាមួយលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ថ្នាក់ខេត្ត ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត។

ថ្លែងក្នងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងអំពីបច្ចុប្បន្នភាព នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ពិសេសប្រភេទបំប្លែងខ្លួនថ្មី អូមីក្រុង ដែលបានឆ្លងចូលសហគមន៍ទៅហើយនោះ។ លោកស្រី ឱ វណ្ណឌីន បានគូសបញ្ជាក់ថា បេសកកម្មចម្បងរបស់លោកស្រី ជាមួយក្រុមការងារគណៈកម្មការចំពោះកិច្ច សំដៅជំរុញដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ តាំងពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ និងដូសទី៤ជាដើម បន្ទាប់ពីមានការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។

ត្រង់ចំណុចដូសទី៣ ឬដូសជំរុញនេះ លោកស្រី ឱ វណ្ណឌីន បានណែនាំឲ្យក្រុមគ្រូពេទ្យត្រូវស្ពាយវ៉ាក់សាំងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋតែម្ដង សម្ដៅធ្វើយ៉ាងណាជំរុញការងារចាក់ដូសទី៣នេះ ជូនប្រជាពលរដ្ឋដែលបានចាក់គ្រប់ដូសមូលដ្ឋានឲ្យបានគ្រប់ៗគ្នា នៅពេលដល់វេលាកំណត់។ លោកស្រីបានអំពាវនាវ ក៏ដូចជាជំរុញដល់រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវតែខិតខំប្រឹងប្រែជំរុញដល់ដំណើរការចាក់វ៉ាក់សាំងនេះ ដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ដើម្បីពង្រឹងប្រព័ន្ធការពារក្នុងសារពាង្គកាយរបស់បុគ្គលម្នាក់ៗ យកឈ្នះលើជំងឺកូវីដ១៩ តាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ លោក ជាវ តាយ បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋបាលខេត្តពោធិ៍សាត់ បន្ទាប់ពីទទួលបានការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ខេត្តក៏កំពុងតែដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមផែនការ ទាំងដូសមូលដ្ឋាន និងដូសជំរុញផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ថា វ៉ាក់សាំងដែលទទួលបានសរុប ៩៤២,៨៧២ដូស ក្នុងនោះមាន៖ ស៊ីណូហ្វាម (Sinopharm) មានចំនួន៩៦,១០០ដូស, ស៊ីណូវ៉ាក់ (Sinovac) (៦ ដល់ក្រោម១២ឆ្នាំ) មានចំនួន១១៥,៤១៦ដូស, ស៊ីណូវ៉ាក់ (Sinovac) (១២ ដល់ក្រោម១៨ឆ្នាំ) មានចំនួន១៣១,០៣០ដូស, ស៊ីណូវ៉ាក់ (Sinovac) (១៨ឆ្នាំឡើង) មានចំនួន៤២១,៥០៦ដូស, ចនសុនចនសុន មានចំនួន១១១,៣០០ដូស, អាស្ត្រាហ្សែនីកា (AstraZeneca) (JP)-3rd dose មានចំនួន ៣៧,៥២០ដូស។

លោក ជាវ តាយ បានបន្ថែមថា ប្រជាជនដែលត្រូវទទួលវ៉ាក់សាំងសរុប៖ ៤៤០,៤៧៤នាក់ ក្នុងនោះ អាយុ០៥ឆ្នាំ មានចំនួន១០,០៣៧នាក់, អាយុ០៦ ដល់ក្រោម១២ឆ្នាំ ចំនួន៥៧,៨០៦នាក់, អាយុ១២ ដល់ក្រោម១៨ឆ្នាំ ចំនួន៧៣,៩៧៧នាក់ និងអាយុ១៨ឆ្នាំឡើង ចំនួន២៩៨,៦៥៤នាក់។ ខណៈលទ្ធផល នៃការផ្តល់វ៉ាក់សាំងដែលសម្រេចបាន អាយុ០៥ឆ្នាំ ចំនួន៩,៧៧០នាក់ ស្មើនឹង៩៧.៣៤%, អាយុ០៦ ដល់ក្រោម១២ឆ្នាំ មានចំនួន៦៤,៧៨៨នាក់ ស្មើនឹង១១២.០៨%, អាយុ១២ ដល់ក្រោម១៨ឆ្នាំ មានចំនួន៥៩.៦៧៦នាក់ ស្មើនឹង៨០,៦៧% និងអាយុ១៨ឆ្នាំឡើង មានចំនួន២៨៤,៣៧៧នាក់ ស្មើនឹង៩៥.២២%។ សរុបទាំងបួនក្រុមគោលដៅមានចំនួន ៤១៨,៦១១នាក់ ស្មើនឹង៩៥.០៤%។

ដោយឡែកលទ្ធផល នៃការផ្តល់វ៉ាក់សាំងដូសជំរុញ អាយុ១២ ដល់ក្រោម១៨ឆ្នាំ មានចំនួន១,៦៣០នាក់, អាយុ១៨ឆ្នាំឡើង មានចំនួន៤៦,៦៦៨នាក់ ស្មើនឹង១៦.៦៣%។ សរុបទាំងពីរក្រុមគោលដៅ ស្មើនឹង២.២០% មានចំនួន ៤៨,២៩៨នាក់ ស្មើនឹង១៤.០៤%។

លោកអភិបាលខេត្ដ បានអះអាងថា លទ្ធផល នៃការសម្រេចបានទាំងនេះ គឺក្រោមការដាក់ចេញនូវផែនការ និងចង្អុលការយ៉ាងខ្ពង់ខ្ពស់ និងច្បាស់លាស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធជាពិសេសការដាក់ចេញយុទ្ធសាស្ដ្រដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទើបធ្វើឲ្យកិច្ចការដឹកនាំគ្រប់គ្រង ទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានអនុវត្ត និងអន្ដរាគមន៍បានទាន់ពេល និងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងតាមលក្ខណៈបច្ចេកទេស៕

ដោយ: សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print