ភ្នំពេញ : នារសៀលថ្ងៃពុធ ១០កើត ខែបុស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា ដោយសម្ដេចមានសេចក្ដីសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងអាណត្តិការទូតរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីន នឹងកាន់តែបន្តរីកចម្រើនថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការក្របខណ្ឌគ្រួសារអាស៊ានផងដែរ។
ខណៈនៅក្នុងឆ្នាំ២០២២ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតថា សម្ដេចក៏សង្ឃឹមថាប្រទេសហ្វីលីពីននឹងបន្តចូលរួមគាំទ្រដល់ការបំពេញតួនាទីនេះរបស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលរួមមានទីមួយគឺវិស័យសន្តិសុខ និងទីពីរគឺពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិជាតិនោះ សម្ដេចក្រឡាហោម បានសម្ដែងក្ដីសង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការចែករំលែកបទពិសោធន៍ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាក៏បានយកឱកាសនេះ ជម្រាបជូនលោកជំទាវពាក់ព័ន្ធទៅនឹងដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាដែរ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកំពុងអនុវត្តផែនការជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី២របស់ខ្លួន។សម្ដេចក៏បានជម្រាបជូនទៀតថាសម្ដេចពិតជាមានមោទនភាពដែលបានមើលឃើញនូវលទ្ធផលនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជានាពេលកន្លងមក និងថានៅដំណាក់កាលទី២នេះក៏ជាដំណាក់កាលដ៏មានសារៈសំខាន់ក្នុងការផ្ទេរនូវធនធាននិងអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែរ។
ជាការឆ្លើយតបលោកស្រី Maria Amelita C.Aquino បានជម្រាបសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី នូវការចូលរួមសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវិត១៩ និងបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួងមហាផ្ទៃក្នុងការសម្រេចបាននូវជោគជ័យទៅលើការងារគ្រប់គ្រង ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។
លោកស្រីក៏បានជម្រាបជូនសម្ដេចក្រឡាហោមទៀតថាហ្វីលីពីននៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្ររាល់ព្រឹត្តិការណ៍ដែលក្រសួងមហាផ្ទៃត្រូវធ្វើជាប្រធានដឹកនាំនៅក្រោមក្របខណ្ឌនៃអាស៊ាននេះផងដែរ។
ក្រៅពីកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌអាស៊ាន លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសនៅក្នុងវិស័យសន្តិសុខ ដែលមានកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន បញ្ហាបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្សជាដើម ដែលកិច្ចការទាំងនេះមួយផ្នែកធំស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា។
ទន្ទឹមនេះដែរលោកស្រីក៏បានសម្តែងនូវបំណងក្នុងការពង្រីកទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិរបស់ហ្វីលីពីន និងកម្ពុជា តាមរយៈការបង្កើតឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច និងការចងសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរផងដែរ។ លោកស្រីក៏យកឱកាសនេះថ្លែងអំណរគុណសម្ដេចក្រឡាហោមនិងក្រសួងមហាផ្ទៃដែលកន្លងមក និងជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩ បានជួយសម្រួលការងារពាក់ព័ន្ធនឹងអន្តោប្រវេសន៍ចំពោះពលរដ្ឋហ្វីលីពីនមួយចំនួនដែលជួបការលំបាកក្នុងកាលទេសៈនៃជំងឺកូវីដ-១៩នេះ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការវាយតម្លៃទៅលើលទ្ធផលជាវិជ្ជមាននៃការងារគ្រប់គ្រងជំងឺកូវិត-១៩ នៅព្រះរាជាណាចក្រកម្ពុជា និងអរគុណចំពោះការវាយតម្លៃទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជានិងហ្វីលីពីន។ សម្ដេចក៏បានសម្ដែងការឯកភាពចំពោះការលើកឡើងរបស់លោកជំទាវនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្របខណ្ឌក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពិសេសការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារពង្រីកសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ៕
ដោយ : សិលា