ក្រុមស្តេចស Real Madrid បានឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Spanish Super Cup បន្ទាប់ពីយកឈ្នះគូប្រជែង Barcelona ក្នុងម៉ោងបន្ថែមលទ្ធផល៣ទល់២។
កីឡាករ Federico Valverde របស់ក្រុម Real Madrid បានស៊ុតបាល់បញ្ចូលទីក្នុងម៉ោងបន្ថែមសម្រាប់ឈ្នះបន្ទាប់ពីការតាមស្មើចុងម៉ោងរបស់ខ្សែប្រយុទ្ធ Ansu Fati នៅ Barcelona នៅអារ៉ាប៊ីសាអ៊ូឌីត។ក្នុងជំនួប El Clasico ដ៏រំភើប Real Madrid បាននាំមុខនៅនាទីទី២៥ ដែលជាការរកគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Vinicius Junior ដែលជាការបញ្ជូនបាល់របស់ Karim Benzema។ នៅជិតចប់ម៉ោងក្នុងតង់ទី១ទៅហើយគឺនៅនាទីទី៤១ កីឡាករ Luuk de Jong រកបានគ្រាប់បាល់តាមស្មើ១ទល់១។ ក្រុម Barcelona ក៏មានការបង្ហាញខ្លួនជាលើកដំបូងរបស់ Barcelona សម្រាប់អតីតខ្សែប្រយុទ្ធ Manchester City កីឡាករ FerranTorres ដែលត្រលប់ពីរបួស ប៉ុន្តែគាត់មិនរកបានគ្រាប់បាល់នោះទេ មុនពេលត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ទី២។ចូលដល់ការប្រកួតក្នុងតង់ទី២ ខ្សែប្រយុទ្ធ Karim Benzema របស់ Real Madrid បានស៊ុតបញ្ចូលទីនៅនាទីទី៨១ ហើយខ្សែប្រយុទ្ធ Fati បានរកគ្រាប់បាល់តាមស្មើវិញ ដោយការតែតបាល់បញ្ចូលទីយ៉ាងល្អ។ លទ្ធផលស្មើគ្នា២ទល់២បានធ្វើឲ្យក្រុមទាំង២ត្រូវឈានទៅការប្រកួតក្នុងម៉ោងបន្ថែម ហើយនៅនាទីទី៩៨ ខ្សែបម្រើ Federico Valverde ដែលចូលលេងក្នុងនាមជាកីឡាករបម្រុងរកបានគ្រាប់បាល់ជ័យជម្នះទៅលើក្រុម Barcelona។
សម្រាប់ការប្រកួតរវាងម្ចាស់ជើងឯក La Liga រដូវកាលមុន AtleticoMadrid ប៉ះ Athletic Bilbao នៅថ្ងៃព្រហស្បតិ៍នេះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយអ្នកឈ្នះត្រូវប្រឈមមុខនឹងក្រុម Real Madrid ដើម្បីប្រជែងយកពានរង្វាន់ Super Cup លើកទី១២របស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅរាត្រីថ្ងៃអាទិត្យក្នុងទីក្រុង Riyadh ៕ (រូបភាព ៖ BBC Sport)