អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាល និងប្រគល់ផ្ទះចំនួន០៨ខ្នង និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនគ្រួសារអតីតយុទ្ធជនចំនួន១៥គ្រួសារ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះចំនួន០៨ខ្នង និងនាំយកអំណោយសម្តេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន១៥គ្រួសារ និងជូនដល់គ្រួសារអតីតយុទ្ធជន នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយត្រី នូវ សំអុល ប្រធានសមាគមអតីតយុទ្ធជនខេត្ត និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរាយការណ៍ឱ្យដឹងថា ការសាងសង់ និងប្រគល់ផ្ទះចំនួន០៨ខ្នងជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ក្នុងស្រុកព្រៃនប់ មានរាយនាមដូចខាងក្រោម៖
១. ម៉ាត់ រ៉េម នៅភូមិទួលទទឹង២ ឃុំទួលទទឹង
២. សាំ ម៉ូ ភូមិអូរត្រាវ ឃុំអណ្ដូងថ្ម
៣. នាក់ ចន្ថា ភូមិសំរុងក្រោម ឃុំសំរុង
៤. បា្រក់ ធារី ភូមិអូរត្រជាក់ចិត្ត ឃុំសំរុង
៥. ង៉ែត សារិន ភូមិចំការកៅស៊ូ ឃុំជេីងគោ
៦. ប៉ែន ឌុល ភូមិចំការកៅស៊ូ ឃុំជើងគោ
៧. នួន សឿប ភូមិបឹងរាំង ឃុំសាមគ្គី
៨. សូ យិន ភូមិតាអោងធំ ឃុំសាមគ្គី
ជាមួយគ្នានេះ លោក អភិបាលខេត្តក៏បានសំណេះសំណាល និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន១៥គ្រួសារក្នុងស្រុកព្រៃនប់ផងដែរ។
លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រទេសជាតិមានសន្តិភាព ពិតជាបាន មក ដោយសារការចូលរួមលះបង់យ៉ាងធំធេងរបស់អតីតយុទ្ធជន ហើយក៏បានបន្សល់ទុកនូវជន ពិការភាព របួសស្នាម និងការបាត់បង់អាយុជីវិតជាដើម។ លោក អភិបាលខេត្តបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា បានខិតខំដោះស្រាយជូនអតីតយុទ្ធជនឱ្យមានផ្ទះស្នាក់នៅសមរម្យ។ ហើយចំពោះអតីតយុទ្ធជនរបស់យើងអត់ផ្ទះ តែមានដីក្រុមការងារបាននឹងកំពុងសាងសង់ផ្ទះជូន ទោះបីការបែងចែកជូនអតីតយុទ្ធជនរបស់យើងមិនទាន់បានរលូន ក៏ប៉ុន្តែគ្រួសារអត់ដី អត់ផ្ទះ ក្រុមការងារកំពុងធ្វើការដោះស្រាយបែងចែកជូនបងប្អូនជាបន្តបន្ទាប់។ មកដល់ពេលនេះ យើងបានសាងសង់ផ្ទះបានចំនួន១១ខ្នង ប្រគល់ជូនអតីតយុទ្ធ ជនរបស់យើង ដើម្បីឱ្យបងប្អូនមានមានជម្រកស្នាក់នៅសមរម្យ និងជាកិច្ចតបស្នងសងគុណចំពោះការលះបង់យ៉ាងធំធេង ដែលអតីតយុទ្ធជនរបស់យើងបានលះបង់ចំពោះជាតិមាតុភូមិ។ អតីតយុទ្ធជនកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះអតីតយុទ្ធជន ដែលបានចូលរួមរំដោះប្រទេសជាតិ ទប់ស្កាត់ការវិលត្រឡប់របប ប៉ុល ពត ដែលបានពលីជីវិត ពិការ និងរងរបួស ក្នុងបុព្វហេតុជាតិ ដើម្បីទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អតីតយុទ្ធជនទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាពក្នុងក្រុមគ្រួសារ ដោយត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការខ្លួនពីជំងឺកូវីដ-១៩ ទន្ទឹមនេះប្រសិនបើក្រុមគ្រួសារមិនទាន់បានទទួលវ៉ាក់សាំង សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីបង្កើនភាពស៊ាំ ប្រសិនបើឆ្លងកូវីដ ក៏មិនមានភាពធ្ងន់ធ្ងរ និងប៉ះពាល់ដល់អាយុជីវិតឡើយ។
សូមជម្រាបជូនថា គ្រួសារអតីតយុទ្ធជនទទួលបានផ្ទះចំនួន០៨ខ្នង និងសម្ភារះមួយចំនួនមានដូចជាៈ កន្ទេល១ ភួយ១ ខ្នើយ១ មុង១ ចង្ក្រានហ្គាស១ កំប៉ុងហ្គាស២ ឆ្នាំងបាយឆ្នាំងសម្ល២ ចានបាយ៦ ចានសម្ល២ ស្លាបព្រា៦ អង្ករ៥០គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ប៊ីចេង២កញ្ចប់ ប្រេងឆា១ដប អំបិល២កញ្ចប់ ទឹកបរិសុទ្ធ ២កេស ទឹកក្រូច ២កេស ម៉ាស់ ២ប្រអប់ អាវ រងា២ និងថវិកាចំនួន ៥០០ ០០០រៀល។
ចំពោះគ្រួសារអតីតយុទ្ធជន ចំនួន១៥គ្រួសារ ផ្សេងទៀត លោក អភិបាលខេត្ត ក៏នាំយកអំណោយរបស់សម្តេចតេជោ ប្រគល់ជូនក្នុងមួយគ្រួសារទទួលបានអង្ករ១បាវ មី១កេស ត្រីខ១យួរ ម៉ាស២ប្រអប់ អាវរងា២ ទឹកក្រូច ២កេស ទឹកបរិសុទ្ធ ១កេស និងថវិកាចំនួន២០០០០០រៀល និងឧបត្តម្ភស្ត្រីមានផ្ទៃពោះចំនួន ២នាក់ ក្នុងម្នាក់ៗថវិកា ២០០០០០រៀល ពលរដ្ឋជរាពិការ១នាក់ ថវិកា១០០០០០រៀល និងប្រជាពលរដ្ឋដែលបានចូលរួមពិធីប្រគល់ផ្ទះចំនួន ៤៥នាក់ ក្នុងម្នាក់ៗថវិកា២០០០០រៀល៕

...

ដោយ៖ ឆ្លាមសមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print