ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២២នេះថា៖បន្ទាប់ពីទទួលបានព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៅថ្ងៃទី១០ ខែមករា ២០២២ វេលាប្រហែល១៣ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលបណ្តឹងពីឈ្មោះ ប៉ៃ សៀងហេង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្ដីពីករណីបាត់កូនឈ្មោះ មករា គុណណា ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីទទួលបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក៏បានរាយការណ៍ជូនលោកវរសេនីយ៍ឯក ហួរ ម៉េង វ៉ាង អធិការនគរបាលខណ្ឌសែនសុខ ក៏ដូចជាកម្លាំងផ្នែកជំនាញ និងផ្សព្វផ្សាយតាមវិទ្យុទាក់ទង និងស្វែងរកតាមកាំមេរ៉ាសុវត្ថិភាពតាមដងផ្លូវ ជាលទ្ធផលតាមកាំមេរ៉ាសុវត្ថិភាព ពិនិត្យឃើញថា មានសកម្មភាពមនុស្សប្រុសម្នាក់ដើរតាមដងផ្លូវ ពីទិសខាងលិចទៅទិសខាងកើត ដល់ចំណុចក្មេងប្រុសកំពុងអង្គុយលេងលើរទេះដែលគេទុកចោលមុខផ្ទះ មនុស្សប្រុសនោះក៏លូកដៃទៅកាន់ក្មេង ហើយក្មេងបានទៅតាមមនុស្សប្រុសនោះ។
ខណៈដែលកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយផ្នែកជំនាញកំពុងធ្វើការស្រាវជ្រាវ ក៏បានទទួលព័ត៌មានថា មានប្រជាពលរដ្ឋនៅក្នុងសង្កាត់បាក់ខែង បានប្រទះឃើញក្មេងប្រុសម្នាក់ដើរយំតាមផ្លូវ ហើយប្រជាពលរដ្ឋបាននាំក្មេងនោះប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង ហើយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានទំនាក់ទំនងទៅម្តាយក្មេងរងគ្រោះឲ្យទៅមើល ហើយគាត់បានអះអាងថាពិតជាកូនរបស់គាត់មែន បន្ទាប់មកលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែង និងតំណាងសាលាសង្កាត់បាក់ខែង និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានប្រគល់ក្មេងប្រុសឈ្មោះ មករា គុណណា ឲ្យទៅឪពុកម្តាយវិញ។
ចំណែកជនសង្ស័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងផ្នែកជំនាញ កំពុងធ្វើការស្រាវជ្រាវ បន្តទៀតដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ យកទៅអនុវត្តបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី