ខេត្តកោះកុង : ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះបានបង្ហាញពីទិន្នន័យនៃវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ ត្រូវបានកត់សម្គាល់តាមរយៈទិន្នន័យប្រមូលបានពីរូបថតម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអនុវត្តសិក្សាក្រោមការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន។
យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថានរយៈពេល ២.៥ ខែពីចុងខែតុលាឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រសួងបរិស្ថានសូមថ្លែងអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញ មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាននៃខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុងគាំទ្រដោយគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថាសម្រួលក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក។ លោកបានថ្លែងថាក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤៩ទីតាំងដែលក្នុងនោះក្នុងដែនជម្រកសត្វព្រៃនៅខេត្តពោធិ៍សាត់ចំនួន ២៣ គ្រឿង ខេត្តបាត់ដំបងចំនួន ១៦ គ្រឿង និងខេត្តកោះកុងចំនួន១០ គ្រឿង ក្នុងគោលបំណងដើម្បី ១) បង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ ២) ស្វែងរកវត្តមាននិងអវត្តមានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែង ៣)វាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ។
គួរបញ្ជាក់ថាវាគឺជាលើកទី២ហើយក្នុងក្របខណ្ឌនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាព និងវិដេអូសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។ ការប្រមូលទិន្នន័យលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបានភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។
សូមបញ្ជាក់ថាគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ហើយគម្រោងនេះបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ គម្រោងនេះចែកជា ៥ សមាសភាគ៖ ១) ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២) ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ៣) ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ៤) ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង ៥) ការឆ្លើយតបទៅនឹងគ្រោះអាសន្ន។
កាលដែលជ្រើសរើសដែនជម្រកសត្វព្រៃស្ថិតក្នុងភូមិសាស្រ្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ដើម្បីដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនេះ ត្រូវបានលោក នេត្រ ភក្ត្រា ឱ្យដឹងថាដោយសារតែតំបន់ការពារធម្មជាតិនេះគ្របដណ្តប់ដោយប្រភេទព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃល្បោះ លាយឡំដោយព្រៃឫស្សី និងវាលស្មៅ។ លើសពីនេះទៀត ទីតាំងភូមិសាស្រ្តក្នុងដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តទាំង ៣ នេះ មានអូរបឹងបួរ ស្ទឹងជាប្រភពទឹក ដែលជាទីជម្រកប្រសើរសម្រាប់សត្វព្រៃ និងសម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវឱ្យមានការគ្រប់គ្រង និងអភិរក្សស្របតាមគោលការណ៍ណែនាំ និងបច្ចេកទេស។ ជាមួយនឹង
ដំណឹងដ៏ល្អនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួងបរិស្ថាន លោករដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់ វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕
ដោយ : សិលា