ភ្នំពេញ៖ ចាប់ពីខែកុម្ភៈឆ្នាំ២០២២នេះតទៅ អាជ្ញាធរនឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងប្ដឹងទៅតុលាការតាមកំហុសជាក់ស្ដែងចំពោះអ្នកដែលទុកដាក់សំណល់រឹងមិនបានបែងចែកឱ្យបានត្រឹមត្រូវរវាងសំរាមសើមនឹងសំរាមស្ងួត និងការបញ្ចេញសំរាមខុសម៉ោងខុសពេលកំណត់។
នេះបើតាមការបញ្ជាក់របស់លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែ មករានេះ ខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយការគ្រប់គ្រងសំណល់រឹងនៅរាជធានីភ្នំពេញជាមួយលោកមេភូមិ ចៅសង្កាត់ ខណ្ឌចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ មុននឹងឈានដល់ការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ។
លោក ហួត ហៃ បានមានប្រសាសន៍លើកឡើងថា ការជួបជុំគ្នានាពេលនេះគឺមានបំណងផ្សព្វផ្សាយពីការគ្រប់គ្រង ទុកដាក់សំរាម សំណល់រឹងនៅរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ មុននឹងឈានទៅដាក់ការផាកពិន័យទៅតាមច្បាប់។
លោកបានបន្តថា៖ ការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញចាប់ពីដើមខ្សែរហូតដល់ចុងខ្សែទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងនោះការដេញថ្លៃជ្រើសរើសក្រុមហ៊ុនថ្មីដើម្បីផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅរាជធានីភ្នំពេញ ក៏បានធ្វើរួចរាល់ផងដែរ។ ក្រុមហ៊ុនចំនួន០៣ ត្រូវបានជ្រើសរើស ហើយបានចាប់ផ្តើមប្រតិបត្តិការការងាររបស់ខ្លួនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ ក្រុមហ៊ុនទាំង០៣នោះ គឺទី១ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បានផ្តល់សេវាក្នុងតំបន់ទី១ដែលមាន៥ខណ្ឌ រួមមានខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វា និងខណ្ឌព្រែកព្នៅ។ ទី២ ក្រុមហ៊ុន Mizuda Group Co., Ltd បានផ្តល់សេវាក្នុង តំបន់ទី២ ដែលមាន០៥ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។ ទី៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បានផ្តល់សេវា ក្នុងតំបន់ទី៣ ដែលមាន០៤ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។
ដើម្បីឱ្យការអនុវត្តប្រព័ន្ធថ្មីនៃការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអំពីការញែក ការវេចខ្ចប់ ការទុកដាក់ និងការបញ្ចេញសំរាម សំណល់រឹង ក្នុងនោះសំរាមនិងសំណល់រឹងមុននឹងបញ្ចេញត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ។ ត្រូវញែកសំរាម សំណល់រឹង ជា០២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួត ដោយដាក់នៅក្នុងថង់ដាច់ដោយឡែកពីគ្នា។ សំរាមសើមដែលមានដូចជាសំណល់ម្ហូបអាហារ សំណល់សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់នៅក្នុងថង់ពណ៌ខ្មៅ -សំរាមស្ងួត ក្រដាស ក្រដាសកាតុង ឡាំង គ្រឿងប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង ដប…ត្រូវដាក់ក្នុងថង់ពណ៌ស។ ក្រុមហ៊ុននឹងធ្វើការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងដែលបានដាក់ក្នុងថង់ដូចដែលបានកំណត់ទាំង ០២ប្រភេទនេះតែប៉ុណ្ណោះ ទៅតាមកម្មវិធីដាច់ដោយឡែកពីគ្នា។ ការដាក់សំរាម សំណល់រឹងក្នុងថង់ពណ៌ផ្សេងក្រៅពីពណ៌ខ្មៅ និងពណ៌ស ក្រុមហ៊ុននឹងមិនប្រមូលឡើយ។ ចំពោះបងប្អូនប្រជាពលរដ្ឋ អាចរកទិញថង់ទាំង០២ពណ៌ខាងលើនេះនៅតាមបណ្តាទីផ្សារនានា។ ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់ ដូចជា អំបែងកញ្ចក់ និងសំណល់មុតស្រួចនានាលាយឡំ ជាមួយនឹងសំរាមសើម និងសំរាមស្ងួត។ ត្រូវទុកដាក់សំណល់ដែលបង្កគ្រោះថ្នាក់ទាំងនេះចូលក្នុងធុងសំរាម ឬប្រអប់ដោយឡែកឱ្យបានត្រឹមត្រូវ ក្រុមហ៊ុននឹងប្រមូលនៅរៀងរាល់ថ្ងៃអាទិត្យ។
លោកបញ្ជាក់ថា ក្នុងករណីទុកដាក់ខុសពីការណែនាំនេះ ក្រុមការងារផាកពិន័យនឹងធ្វើកំណត់ហេតុអំពីកំហុសឆ្គងលើកទី១។ បើនៅតែទុកដាក់ខុសទៀតនឹងទទួលការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងប្ដឹងទៅតុលាការតាមកំហុសជាក់ស្ដែង ៕ សំរិត