សម្តេចពិជ័យសេនាបានបំពាក់មេដាយជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិនក្រុមទី១៦

ចែករំលែក៖

ភ្នំពេញ : ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃទី១៤ខែមករា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបំពាក់មេដាយជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តនៃកងទ័ពរំដោះប្រជាជនចិនក្រុមទី១៦ ដើម្បីជាការសរសើរចំពោះការរួមចំណែករបស់ពួកគេជាមួយកងយោធពលខេមរភូមិន្ទក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក Zhu Shuaifei អនុព័ន្ធយោធារងនៃស្ថានទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីខាងលើនេះ។

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបន្តថា, សម្តេចពិជ័យសេនាបានបំពាក់មេដាយសហមេត្រីថ្នាក់អស្សឫទ្ធិជូនអ្នកជំនាញទាំង៤។ សម្តេចពិជ័យសេនាមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០០៧មក កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្រ្តចំនួន១៦ក្រុមមកកាន់កម្ពុជា បានជួយលើកកម្ពស់សមត្ថភាពពិនិត្យព្យាបាលជំងឺក្នុងមន្ទីរពេទ្យព្រះកេតុមាលា នេះបានបង្ហាញពីចំណងមិត្តភាពដែកថែបរវាងកងទ័ពទាំងពីរប្រទេស។ ភាគីកម្ពុជាសូមថ្លែងអំណរគុណដល់ភាគីចិនដោយស្មោះ។ បន្ទាប់ពីក្រុមអ្នកជំនាញវេជ្ជសាស្រ្តក្រុមទី១៦បានមកដល់ប្រទេសកម្ពុជា បានធ្វើការបណ្តុះបណ្តាលការចាក់វ៉ាក់សាំងជូនដល់ក្រុមការងារវេជ្ជសាស្រ្តយោធាកម្ពុជាយ៉ាងឆាប់រហ័ស បានចុះទៅកាន់មូលដ្ឋាននិងសម្របសម្រួលនៅតំបន់ក្រហមជំងឺវីរុសកូវីដជាច្រើនដងច្រើនសា បានចែករំលែកបទពិសោធន៍និងវិធីសាស្រ្តរបស់កងទ័ពចិនក្នុងការប្រយុទ្ធប្រឆាំងជំងឺវីរុស បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសដល់កងយោធពលខេមរភូមិន្ទដោយជោគជ័យ។ បានបង្ហាញពីស្មារតីមនុស្សធម៌អន្តរជាតិដ៏អង់អាចក្លាហាន។ អាចនិយាយបានថា ប្រសិនបើគ្មានជំនួយពីភាគីចិន សមិទ្ធផលនៃកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសក្នុងប្រទេសកម្ពុជាក៏មិនអាចទទួលបានដូចសព្វថ្ងៃនេះដែរ។

លោក Wang Wentian មានប្រសាសន៍ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ១៩មក ប្រទេសនិងកងទ័ពទាំងពីរបានជួយគ្នាទៅវិញទៅមក បានពុះពាររាល់ឧបសគ្គទាំងឡាយ បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីអត្ថន័យស្នូលនៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា បង្កើតបានជាគំរូសម្រាប់សហគមន៍អន្តរជាតិក្នុងការសហការទប់ស្កាត់ជំងឺវីរុសកូវីដ។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្តយោធាចិនគឺជាសក្ខីជននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសនិងកងទ័ពទាំងពីរ ក៏ជាការបង្ហាញពីអត្ថន័យសំខាន់ក្នុងការអនុវត្តសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងវិស័យវេជ្ជសាស្រ្តយោធា។ សម្តេចពិជ័យសេនាបានបំពាក់មេដាយដល់ក្រុមអ្នកជំនាញខាងលើបានឆ្លុះបញ្ចាំងពីការទទួលស្គាល់របស់ក្រសួងការពារជាតិកម្ពុជាសម្រាប់ការងាររបស់ក្រុមអ្នកជំនាញក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ ក៏បានបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសនិងកងទ័ពទាំងពីរ។ ភាគីចិនបន្តខិតខំជាមួយភាគីកម្ពុជា បន្តពង្រឹងនិងលើកកម្ពស់ចំណងមិត្តភាពដែកថែបនៃប្រទេសនិងកងទ័ពទាំងពីរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print